
បើតាមការបញ្ជាក់តាមរយះប្រភពព័ត៌មានចចាមអារាមថ្មីចុងក្រោយនេះ បានឲ្យដឹងថា កំពូល Tablet ជំនាន់ថ្មី Samsung Galaxy Tab S10 Series ដែលត្រៀមបង្ហាញខ្លួននៅមុខដំណាច់ឆ្នាំនេះ គឺមានតែពីរម៉ូដែលប៉ុណ្ណោះ គឺមាន Galaxy Tab S10 Plus និង Galaxy Tab S10 Ultra ដោយមិនមានវត្តមានម៉ូដែល Galaxy Tab S10 នោះទេ។
សម្រាប់ម៉ូដែល Tab S10 Plus និង Tab S10 Ultra គឺនឹងរក្សាទម្រង់នៃការរចនាខាងក្រៅដូចគ្នានឹងជំនាន់ Tab S9 ដែរ ដោយនៅលើម៉ូដែល Tab S10 Ultra នឹងបំពាក់អេក្រង់ប្រភេទ Notch-Display ចំនែក Tab S10 Plus គឺបំពាក់អេក្រង់ដែលមានគែម bezel ស្មើ។ តាមរយះរូបភាពដែលមានបែកធ្លាយចុងក្រោយនេះបានបង្ហាញថា Galaxy Tab S10 Plus គឺមានពណ៌ទឹកប្រាក់ និង Galaxy Tab S10 Ultra គឺមានពណ៌ប្រផេះ។

បើតាមការបញ្ជាក់នៅលើបញ្ចីរបស់ស្ថាប័ន 3C ក្នុងប្រទេសចិនបង្ហាញថា Galaxy Tab S10 Series គឺគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 45W Wired Fast Charging ដូចនៅលើជំនាន់ Galaxy Tab S9 ដែរ។ បើតាមប្រភពព័ត៌មានចចាមអារាមកន្លងមកបាននិយាយថា Samsung ទំនងជានឹងប្តូរមកប្រើកំពូលឈីប MediaTek Dimensity 9300 នៅលើកំពូល Galaxy Tab S10 Plus និង Tab S10 Ultra ជំនួសឲ្យកំពូលឈីប Snapdragon 8 Gen Series របស់ Qualcomm។ ហើយប្រសិនបើព័ត៌មានចចាមអារាមនេះ ជាការពិតមែននោះ វាគឺជាលើកដំបូងរបស់ Samsung ក្នុងការប្រើប្រាស់កំពូលឈីប MediaTek នៅលើ Galaxy Tab S Series របស់ខ្លួន។

Samsung ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញ Galaxy Tab S10 Series នៅក្នុងខែតុលា ហើយ MediaTek ត្រូវបានគេដឹងថា នឹងមានការប្រកាសចេញកំពូលឈីបជំនាន់ថ្មី Dimensity 9400 របស់ខ្លួនក្នុងខែនេះដូចគ្នា ដូចនេះ មានន័យថា Galaxy Tab S10 Series នឹងមិនប្រើបន្ទះឈីបជំនាន់ថ្មីនេះនោះទេ គឺនឹងប្រើបន្ទះឈីបជំនាន់មុន គឺ Dimensity 9300 SoC។ ទោះជាយ៉ាងណាមិនទាន់មានការបញ្ជាក់ផ្លូវការណ៍៍ណាមួយចេញពីក្រុមហ៊ុន Samsung ទាក់ទងនឹងព័ត៌មានចចាមអារាមទាំងអស់នេះនោះទេ៕
