ស្វែងរកពួកយើង:

រូបភាពផ្លូវការរបស់ OnePlus Ace 6T ត្រូវទម្លាយចេញជាមួយពណ៌ខ្មៅ បៃតង និងស្វាយ

ដោយ

Koun Jab Luffy

25 វិច្ឆិកា 2025 05:15 ល្ងាច

អាន 2 នាទី

Article image
នៅទីបំផុត ក្រុមហ៊ុន OnePlus បានបញ្ជាក់អំពីការឌីស្សាញរបស់ស្មាតហ្វូនជំនាន់ថ្មី OnePlus Ace 6T នឹងមានបង្ហាញខ្លួននៅក្នុងប្រទេសចិននាចុងខែនេះហើយ។ យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ ត្រូវគេមើលឃើញថា ក្រុមហ៊ុន គឺបានទម្លាយនូវរូបភាពផ្លូវការរបស់ស្មាតហ្វូនថ្មីនេះជាមួយនឹងជម្រើសពណ៌ផងដែរ។ ផ្អែកតាមរូបភាពរបស់ស្មាតហ្វូនស៊េរីថ្មី OnePlus Ace 6T នេះបានបង្ហាញអំពីការឌីស្សាញរបស់ស្មាតហ្វូននេះ ដូចគ្នាទៅនឹង OnePlus 15R ដែលនឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះផងដែរ។
ស្មាតហ្វូនជំនាន់ថ្មី OnePlus Ace 6T នេះ មានអេក្រង់រាបស្មើរ ខណៈដែលផ្នែកខាងក្រោយមានកាមេរ៉ាភ្លោះ។ សម្រាប់គែមខាងស្តាំរបស់ស្មាតហ្វូនថ្មីនេះ គឺមានប៊ូតុង Volume និងប៊ូតុង Power ផងដែរ។ ស្មាតហ្វូននេះ នឹងមានជម្រើស 3 ពណ៌ដ៏ទាក់ទាញនោះគឺ  Flash Black, Fleeting Green និង  Electric Violet ។  យោងតាមរបាយការណ៍ជាច្រើនថ្មីៗនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី OnePlus Ace 6T នេះ គឺមានការផ្តោតទៅលើការពង្រឹងទៅលើសមត្ថភាពកាន់តែខ្លាំងក្លា។
Article image
ស្មាតហ្វូនថ្មីនេះ នឹងមានទម្ងន់ 216g ហើយនឹងបំពាក់នូវ IP68/69 សម្រាប់ការពារធូលី និងទឹកថែមទៀតផង។ ស្មាតហ្វូនថ្មីនេះ មានការបំពាក់នូវ Dual Speakers, NFC, X-Axis Linear Motor, Ultrasonic fingerprint sensor ដែលស្ថិតនៅក្រោមអេក្រង់ផងដែរ។ ស្មាតហ្វូន Ace 6T នេះ នឹងប្រើប្រាស់នូវបន្ទះឈីប  Snapdragon 8 Gen 5 ដែលជាបន្ទះឈីប flagship ជំនាន់ថ្មីរបស់ក្រុមហ៊ុន Qualcomm ហើយនឹងមានអេក្រង់ទំហំ 6.83 អ៊ីង OLED display,កម្រិត 1.5K resolution និងមានល្បឿន 165Hz refresh rate ។
Article image
និយាយពីកាមេរ៉ានៅលើស្មាតហ្វូននេះ គឺមានកាមេរ៉ាខាងគោលទំហំ 50MP គាំទ្រជាមួយនឹងមុខងារ OIS និងកាមេរ៉ាទីពីរមានទំហំ 8MP ultra-wide ខណៈដែលកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 32MP។ ស្មាតហ្វូនថ្មីនេះ នឹងដំណើរការនូវ  ColorOS 16- ជាមួយនឹង Android 16 ផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុន OnePlus ក៏ទើបតែទម្លាយនូវម៉ូដែល l Genshin Impact Kamisato Ayaka edition OnePlus Ace 6T របស់ខ្លួនផងដែរ។ ខណៈដែលការឌីស្សាញទៅលើស្មាតហ្វូននេះ ត្រូវបានទម្លាយហើយក៏ដោយ ទៅលើបង្ហាញខ្លួនវិញ ក្រុមហ៊ុននេះនៅមិនទាន់បញ្ជាក់ថា ស្មាតហ្វូននេះនឹងមកដល់ពេលណា នៅឡើយទេ៕