ស្វែងរកពួកយើង:

រូបភាព លក្ខណៈសម្បត្តិ និងតម្លៃរបស់ស្មាតហ្វូនស៊េរីថ្មី OPPO A80 5G ត្រូវបានទម្លាយចេញហើយ!

ដោយ

Koun Jab Luffy

07 សីហា 2024 10:38 ព្រឹក

អាន 2 នាទី

Article image
បន្ទាប់ពីការបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី OPPO A3x រួចមក នៅពេលនេះ មានដំណឹងថា ក្រុមហ៊ុននេះ ក៏បានត្រៀមខ្លួនក្នុងការប្រកាសចេញនូវស្មាតហ្វូនម៉ូដែលថ្មីនៃ A-Series មួយទៀតដែលមានឈ្មោះថា OPPO A80។ បើតាមរបាយការណ៍មួយចេញពីវិបសាយ 91Mobiles បានទម្លាយអំពីរូបភាព និងលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូនថ្មីនេះហើយ។ បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍ខាងលើនេះ បានបង្ហាញថា ស្មាតហ្វូន OPPO A80 នេះ អាចនឹងក្លាយជា Rebranded Version របស់ស្មាតហ្វូនជំនាន់ថ្មី OPPO A3 Energy Edition ដែលបង្ហាញខ្លួននៅក្នុងប្រទេសចិនថ្មីៗនេះ។
ផ្អែកទៅលើការបែកធ្លាយនេះ ស្មាតហ្វូន OPPO A80 5G នេះ មានការឌីស្សាញរាបស្មើ (flat-edged) ហើយនិងមានការឌូស្សាញជាមួយនឹងអេក្រង់ punch-hole។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានកាមេរ៉ាភ្លោះនៅខាងក្រោយជាមួយនឹងភ្លើង LED Ring ហើយមានជម្រើស ពណ៌ខ្មៅ និងស្វាយ ជាមួយនឹងពណ៌បៃតងលាយបញ្ចូលយ៉ាងស្រស់ស្អាតថែមទៀតផង។ អេក្រង់របស់ស្មាតហ្វូននេះ មានទំហំ 6.67-អ៊ីង HD+ panel រត់បានជាមួយនឹងល្បឿនអេក្រង់កម្រិត 120Hz refresh rate ហើយនិងមានពន្លឺអេក្រង់ 1,000 nits។
Article image
ស្មាតហ្វូន OPPO A80 5G មានការបំពាក់នូវបន្ទះឈីប MediaTek Dimensity 6300 រ៉េមទំហំ 8GB LPDDR4X RAM និងម៉េមូរីទំហំ 256GBUFS 2.2 storage។ ស្មាតហ្វូនជំនាន់ថ្មីនេះ មានកាមេរ៉ាខាងក្រោយទំហំ 50MP និងអមដំណើរជាមួយនឹងគ្រាប់ទីពីរមានទំហំ 2MP។ ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាខាងមុខទំហំ 8MP។
ស្មាតហ្វូន OPPO A80 5G នេះ នឹងមានថាមពលថ្មទំហំ 5,100mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 45W SuperVOOC fast charging។ ស្មាតហ្វូននេះ នឹងមានដំណើរការដោយ ColorOS 14.0.1 ផ្អែកទៅលើ Android 14 ។ សម្រាប់ប្រព័ន្ធសុវត្ថិភាពរបស់ស្មាតហ្វូននេះវិញ មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង ហើយស្មាតហ្វូននេះក៏មាន IP54 សម្រាប់ការពារធូលី និងទឹកថែមទៀត។ ស្មាតហ្វូននេះមានរន្ធដោត 3.5mm headphone jack, USB Type-C port, NFC និង  Wi-Fi 5 ។
Article image
បន្ថែមពីនេះ ស្មាតហ្វូន OPPO A80 5G ក៏មានមុខងារ AI ជាច្រើនទៀតដូចជា AI Eraser, AI LinkBoost និង AI Charging សម្រាប់ការពារថាមពលថ្មថែមទៀតផង។ យោងតាមរបាយការណ៍នេះ ស្មាតហ្វូន OPPO A80 5G នេះមានតម្លៃ €249 នៅលើទីផ្សារនៅក្នុងអ៊ឺរ៉ុបសម្រាប់ទំហ 8GB/256GB។ ក្រុមហ៊ុននេះ មិនទាន់ប្រកាសអំពីកាលបរិច្ឆេទនៃការប្រកាសចេញនូវស្មាតហ្វូននេះនៅឡើយទេ៕