
ប្រព័ន្ធស្កែនក្រយ៉ៅម្រាមដៃដោះសោរសុវត្ថិភាពក្រោយអេក្រង់ Under-Display Scanner ដែល Google បានប្រើដំបូងនៅលើ Google Pixel 6 Series គឺអាចនឹងត្រូវបានផ្លាស់ប្តូរនៅលើជំនាន់ Google Pixel 9 Series។ បើយោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយបណ្តាញសារព័ត៌មាន Android Authority បាននិយាយថា នៅលើជំនាន់ស្មាតហ្វូន Google Pixel Series ជំនាន់ថ្មី គឺ Google Pixel 9 Series នឹងមិនបំពាក់បច្ចេកវិទ្យា Optical Fingerprint Sensor នោះទេ គឺនឹងប្តូរមកប្រើ Ultrasonic Fingerprint Scanner ជំនួសវិញ។ ខណៈម៉ូដែល Google Pixel 9 Pro Fold នឹងបន្តប្រើសែនស័រស្កែនក្រយ៉ៅម្រាមដៃនៅលើស៊ុមខាងស្តាំដូចជំនាន់មុនដដែល។
បច្ចេកវិទ្យា Ultrasonic fingerprint sensor មានសមត្ថភាព និងសុវត្ថិភាពជាងប្រព័ន្ធ Optical fingerprint sensor និងមានដំណើរការសំគាល់លឿនរហ័សជាង ហើយអាចប្រើបានគ្រប់ស្ថានភាពដូចជាដៃប្រឡាក់ធូលី ឬសើម ឬក៏ប្រើស្គ្រីនការពារអេក្រង់ក៏ដោយ ក៏នៅតែអាចស្កែនសំគាល់បាន ដោយសារតែប្រព័ន្ធបច្ចេកវិទ្យានេះប្រើនូវរលកសញ្ញា sound waves ក្នុងការសំគាល់ស្កែនក្រយ៉ៅម្រាមដៃ។ ប្រភពបានបញ្ជាក់បន្ថែមទៀតថាសម្រាប់ Google Pixel 9 Series នឹងប្រើប្រាស់នូវប្រព័ន្ធ Qualcomm 3D Sonic Gen 2 (QFS4008)។

ដោយប្រព័ន្ធ Ultrasonic ជំនាន់ទីពីរត្រូវបាន Qualcomm ធ្វើការបង្ហាញចេញកាលពីឆ្នាំ 2021។ Ultrasonic ជំនាន់ទីពីរមានផ្ទៃស្កែនធំជាងជំនាន់ដំបូងខ្នាត 8x8mm ដែលផ្តល់នូវភាពងាយស្រួលក្នុងការដាក់ម្រាមដៃស្កែន និងសំគាល់បានយ៉ាងល្អ។

បច្ចុប្បន្នបច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃ QFS4008 គឺបានប្រើនៅលើកំពូលស្មាតហ្វូន Galaxy S24 Ultra ដែលមានដំណើការលឿនរហ័សមែនទែន ដូចនេះ បើសិនជា Google Pixel 9 Series ប្រើប្រាស់ប្រព័ន្ធសុវត្ថិភាពមួយនេះពិតមែន គឺនឹងផ្តល់នូវបទពិសោធន៍ប្រើការដ៏ប្រសើរបំផុតសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន Google Pixel៕
