ស្វែងរកពួកយើង:

លឺដំណឹងថា Huawei កំពុងធ្វើការលើឈីប Taishan-Core ផ្តល់នូវប្រសិទ្ធិខ្ពស់សម្រាប់ប្រើនៅលើឈីប Kirin ជំនាន់ថ្មី

ដោយ

Koun Jab Luffy

01 កក្កដា 2024 02:48 រសៀល

អាន 2 នាទី

Article image
យោងតាមរបាយការណ៍ថ្មីបាននិយាយថា Huawei បាននឹងកំពុងធ្វើការអភិវឌ្ឍន៍លើអង្គគណនាជំនាន់ថ្មី Taishan-coreដែលមានសមត្ថភាព និងប្រសិទ្ធិភាពខ្លាំង ព្រមទាំងប្រើថាមពលតិចសម្រាប់ប្រើនៅលើឈីបជំនាន់ថ្មី ដែលខ្លាំងជាង core នៅលើ Kirin 9000S បច្ចុប្បន្ន។
បើតាមការបញ្ជាក់នៅលើគណនី X (Twitter) បានបញ្ជាក់ថា Huawei បានដំណើរការធ្វើតេស្តលើអង្គគណនា Taishan-core ជំនាន់ថ្មី ដែលបានបង្ហាញថា អង្គគណនា (core) ជំនាន់ថ្មីនេះ គឺផ្តល់អនុភាពល្បឿនដំណើរការខ្លាំង និងមានប្រសិទ្ធិភាពខ្ពស់ជាងបន្ទះឈីប Kirin 9000s។ ហើយអង្គ core ថ្មីនេះ គឺមានការរចនាប្រហាក់ប្រហែលគ្នានឹង Small-core របស់ Apple ដែរ ហើយរបាយការណ៍បានបញ្ជាក់បន្ថែមទៀត core ថ្មីនេះ ក៏ប្រើប្រាស់ថាមពលថ្មតិចថែមទៀតផង។
បើតាមការទម្លាយនៅលើបញ្ចីនៃកម្មវិធី Geekbench 5 អង្គគណនាថ្មី (New core-CPU) របស់ Huawei គឺមានពិន្ទុ 350 រត់នៅលើ Single-core CPU ដែលធៀបនឹង Single-core នៅលើ Kirin 9000S បច្ចុប្បន្នដែលមានត្រឹម 200 ពិន្ទុប៉ុណ្ណោះ។ នៅលើ Kirin 9000S បច្ចុប្បន្ន គឺប្រើ Cortex-A510 សម្រាប់ low-energy core ដែលជា ARMv9 ‘LITTLE’ CPU cores ដំបូងដែលប្រើនៅលើបន្ទះឈីប Qualcomm Snapdragon 8 Gen 1 ដែលចេញក្នុងឆ្នាំ 2022។
ទន្ទឹមនឹងនេះ Huawei ត្រូវបានគេដឹងថា បាននឹងកំពុងធ្វើការអភិវឌ្ឍន៍លើបន្ទះឈីបសម្រាប់កុំព្យូទ័រ (Kirin PC chip) ស៊េរី Taishan V130 architecture ដើម្បីធ្វើការប្រជែងជាមួយឈីប Apple M3។ សម្រាប់បន្ទះឈីប Kirin ជំនាន់ថ្មីដែលប្រើ Taishan-core ថ្មី ត្រូវបានគេដឹងថានឹងប្រើនៅលើកំពូលស្មាតហ្វូនជំនាន់ថ្មី Huawei Mate 70 Series ដែលបន្ទះឈីប Kirin ជំនាន់ថ្មីនឹងត្រូវផលិតដោយប្រើស្តង់ដារខ្នាត 5nm។
Article image
ទោះជាយ៉ាងណាក៏ដោយ ពាក្យចចាមអារ៉ាមទាំងនេះ គឺផ្ទុយនឹងសេចក្តីថ្លែងការណ៍ពីមុនរបស់ Huawei។ ក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន គឺបានសង្កត់ធ្ងន់លើការកែលម្អបន្ទះឈីបខ្នាត 7nm ដែលមានស្រាប់ជាជាងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីទាំងស្រុង។ លើសពីនេះ ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបានកំណត់ការចូលប្រើប្រាស់របស់ Huawei ទៅកាន់ឧបករណ៍ផលិតបន្ទះឈីបកម្រិតខ្ពស់ (High-End Chipset) ដោយរារាំងសមត្ថភាពរបស់ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនមួយនេះក្នុងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាក្នុងទីផ្សារឧបករណ៍ចល័ត៕