ស្វែងរកពួកយើង:

លឺដំណឹងថា iPhone 18 Series នឹងបំពាក់ឈីបស្តង់ដារខ្នាត 2nm ហើយនិងមានរ៉េមទំហំធំដល់ 12GB

ដោយ

Koun Jab Luffy

17 តុលា 2024 08:44 ព្រឹក

អាន 3 នាទី

Article image
ទូរស័ព្ទ iPhone ឆ្នាំ 2026 គឺ iPhone 18 Series ត្រូវបានគេទម្លាយព័ត៌មានថា នឹងបំពាក់នូវបន្ទះឈីបដែលផលិតឡើងតាមស្តង់ដារខ្នាត 2nm របស់ TSMC ជាមួយការបំពាក់រ៉េមទំហំធំឡើងដល់ 12GB។ បើតាមគណនី Weibo ដែលមានឈ្មោះថា “Phone Chip Expert” បានបង្ហើបថា បន្ទះឈីប A20 ដែលបំពាក់នៅលើ iPhone 18 ស៊េរីដែលចេញនៅឆ្នាំ 2026 នឹងមានការផ្លាស់ប្តូរពីប្រព័ន្ធ InFo (Integrated Fan-Out) Packaging ទៅ WMCM (Wafer-Level Multi-Chip Module) packaging វិញម្តង ខណៈទំហំរ៉េមនឹងត្រូវបង្កើនដល់ 12GB។
នៅក្នុងលក្ខខណ្ឌនៃភាពខុសគ្នានៃវិធីសាស្រ្តវេចខ្ចប់ដោយប្រើស្តង់ដារ InFo គឺអនុញ្ញាតឱ្យធ្វើការរួមបញ្ចូលគ្នានៃសមាសធាតុ រួមទាំងអង្គចងចាំក្នុងកញ្ចប់ ប៉ុន្តែ ផ្តោតលើការវេចខ្ចប់តែមួយដង ដែលអង្គចងចាំជាធម្មតាត្រូវបានភ្ជាប់ទៅ SoC មេ (ដូចជា DRAM ដែលដាក់នៅលើ ឬនៅជិត CPU និង GPU-core)។ វាត្រូវបានធ្វើឱ្យប្រសើរសម្រាប់ការកាត់បន្ថយទំហំ និងការកែលម្អដំណើរការនៃបន្ទះសៀគ្វីនីមួយៗ។
Article image
សម្រាប់ការវេចខ្ចប់តាមស្តង់ដារ WMCM វិញ គឺមានការរួមបញ្ចូលបន្ទះពីបន្ទះឈីបជាច្រើននៅក្នុងកញ្ចប់តែមួយ "Multi-Chip Module"។ វិធីសាស្រ្តនេះអនុញ្ញាតឱ្យប្រព័ន្ធស្មុគ្រស្មាញបន្ថែមទៀតដូចជា CPU, GPUs, DRAM និងឧបករណ៍បង្កើនល្បឿនផ្ទាល់ខ្លួនផ្សេងទៀត ឧទាហរណ៍ AI/ML chips ត្រូវបានដាក់បញ្ចូលយ៉ាងតឹងរ៉ឹងនៅក្នុងកញ្ចប់មួយ។ វាផ្តល់នូវភាពបត់បែនកាន់តែច្រើនក្នុងការរៀបចំប្រភេទផ្សេងគ្នានៃបន្ទះសៀគ្វី។
ចំពោះអង្គចងចាំ ឬ RAM វិញ iPhone 16 Series បច្ចុប្បន្នមាន RAM ទំហំ 8GB ដែលត្រូវបានចាត់ទុកថាជាតម្រូវការអប្បបរមាសម្រាប់គាំទ្រដំណើរការជាមួយប្រព័ន្ធ Apple Intelligence។ តាមអ្នកវិភាគផលិតផលរបស់ក្រុមហ៊ុន Apple លោក Ming-Chi Kuo បាននិយាយថា គាត់រំពឹងថា iPhone 17 Pro នៅឆ្នាំក្រោយនឹងមាន RAM ទំហំ 12GB ដូច្នេះ អាចថា Apple នឹងធ្វើឱ្យវាក្លាយជាស្តង់ដារថ្មីមួយសម្រាប់ iPhone 18 Series។
Article image
លោក Kuo ក៏ជឿជាក់ថាមានតែម៉ូដែល iPhone 18 Pro Series ប៉ុណ្ណោះ ដែលនឹងប្រើប្រាស់បច្ចេកវិទ្យាបន្ទះឈីបខ្នាត 2nm processor ជំនាន់ក្រោយរបស់ TSMC។ ទន្ទឹមនឹងនេះដែរ វាមិនច្បាស់ទេថា តើបច្ចេកវិទ្យានៃការផលិត និងទំហំអង្គចងចាំមានទំនាក់ទំនងគ្នាដោយចៃដន្យនៅក្នុងគម្រោងរបស់ក្រុមហ៊ុន Apple ដែរឬយ៉ាង។
ក្រុមហ៊ុនផលិតបន្ទះឈីបនាំមុខគេរបស់តៃវ៉ាន់ TSMC ត្រូវបានគេដឹងថា នឹងចាប់ផ្តើមសង្វាក់ផលិតកម្មស្តង់ដារបន្ទះឈីបថ្មីខ្នាត 2nm របស់ខ្លូននៅចុងឆ្នាំ 2025 ដូចនេះ Apple អាចនឹងក្លាយជាក្រុមហ៊ុនដំបូងគេដែលប្រើប្រាស់ស្តង់ដារថ្មីនេះសម្រាប់ដំណើរការផលិតបន្ទះឈីបជំនាន់ថ្មី A20 សម្រាប់ប្រើនៅលើ iPhone ជំនាន់ថ្មីដែលចេញក្នុងឆ្នាំ 2026 គឺ iPhone 18 Series៕
លឺដំណឹងថា iPhone 18 Series នឹងបំពាក់ឈីបស្តង់ដារខ្នាត 2nm ហើយនិងមានរ៉េមទំហំធំដល់ 12GB