
ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ត Leapmotor បានបង្ហើបដំណឹងថា ខ្លួនត្រៀមធ្វើការប្រកាសចេញរថយន្តអគ្គិសនីប្រភេទ Hatchback ម៉ូដែលថ្មីឈ្មោះថា B05 Ultra ក្នុងឆ្នាំ 2026 ខាងមុខនេះ។ Leapmotor B05 Ultra ត្រូវបានគេស្គាល់ថា ជា Lafa 5 នៅទីផ្សារប្រទេសចិន នេះបើតាមការបញ្ជាក់ពីលោក Cao Li ដែលជាអនុប្រធានក្រុមហ៊ុនជាន់ខ្ពស់របស់ Leapmotor។ Leapmotor B05 បានបង្ហាញវត្តមានរួចហើយនៅក្នុងព្រឹត្តិការណ៍ពិពរណ៌រថយន្ត 2025 Munich Motor Show កាលពីពេលថ្មីៗនេះ។
បើតាមប្រសាសន៍របស់លោក Cao Li, B05 Ultra មានទីផ្សារផ្តោតសំខាន់ទៅលើយុវវ័យ ដែលពេញនិយមប្រើរថយន្តដែលមាន Performance ល្អ។ មានប្រហែល 70% សម្រាប់ការបញ្ជាទិញមុនសម្រាប់ B05 Ultra គឺជាអតិថិជនដែលមានអាយុក្រោម 35 ឆ្នាំ។ Leapmotor B05 Ultra ឬ Lafa 5 នឹងចេញលក់នៅទីផ្សារប្រទេសចិននៅចុងឆ្នាំ 2025 នេះ ហើយការនាំចេញត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅឆមាសដំបូងក្នុងឆ្នាំ 2026។

B05 Ultra គឺជាប្រភេទរថយន្តអគ្គិសនី Hot Hatchback ដែលមានការឌីស្សាញបែបស្ព័រខុសពីម៉ូដែល B05 ធម្មតាដែលបានបង្ហាញកន្លងមក។ B05 Ultra មានការកែប្រែរចនាបថផ្នែក bumper ខាងមុខថ្មីលក្ខណៈស្ព័រ ស៊ឺម៉ាំងភ្លោះ កន្ទុយ Spoiler ធំ និងដំបូងជ្រែកខ្យល់ Aerodynamic ជាដើម។

Lafa 5 Ultra ឬ B05 Ultra ត្រូវបានឌីស្សាញរូបរាងឡើងដោយប្រើប្រព័ន្ធគ្រោងឆ្អឹង LEAP 3.5 modular platform របស់ Leapmotor ផ្ទាល់តែម្តង។ រថយន្តអគ្គិសនីស៊េរីថ្មីរចនាបថថ្មីបែបស្ព័ររបស់ Leapmotor មួយនេះ គឺជា Dynamic Compact EV ដែលត្រូវដាក់លក់នៅលើទីផ្សារ ហើយនិងក្លាយជាដៃគូប្រកូតប្រជែងជាមួយនឹង Compact EV ផ្សេងៗទៀត ដូចជា BYD Dolphin, Geely Geome Xingyuan និង MG4 ជាដើម។ យ៉ាងណាមិញសម្រាប់លក្ខណៈសម្បត្តិផ្សេងៗ និងតម្លៃរបស់ Leapmotor B05 Ultra ឬ Lafa 5 Ultra ក្រុមហ៊ុនមិនបានបង្ហើបឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕
