
ថ្មីៗនេះក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៌ថា បានបញ្ចេញនូវឆ្នាំងសាកថ្មី ដែលមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្ម លឿន ឋកម្លាំង 60W charging ហើយឆ្នាំងសាកនេះ គឺនឹងមានការដាក់អោយប្រើប្រាស់ជាមួយស្មាតហ្វូនស៊េរីថ្មី Galaxy S26 Ultra ថែមទៀតផង។ នៅពេលនេះ មានការលេចចេញនូវវិញ្ញាបនបត្រថ្មីមួយ ដោយមានការបញ្ជាក់អំពីបច្ចេកវិទ្យាសាកថ្មលឿនរបស់ស្មាតហ្វូនថ្មីនេះហើយ។
ផ្អែកតាមបញ្ជីថ្មីនេះ បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra ដែលគ្រោងនឹងដាក់លក់នៅចិន មានលេខម៉ូដែល SM-S948B គឺទទួលបានការអនុម័តចេញពីវិញ្ញាបនបត្រ 3C Certification Platform របស់ប្រទេសចិនហើយ។ នៅក្នុងបញ្ជីខាងលើនេះ បានទម្លាយទៀតថា ស្មាតហ្វូនថ្មីនេះ នឹងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាក 20A/3V (60W) charging។ ដូច្នេះសម្រាប់ការមកដល់នូវឆ្នាំងសាកនេះ នឹងធ្វើយអោយស្មាតហ្វូនក្លាយជាម៉ូដែលមុនគេរបស់ក្រុមហ៊ុននេះ ដែលមានការ upgrade ទៅលើបច្ចេកវិទ្យាសាកថ្មលឿន ខណៈកន្លងមកក្រុមហ៊ុន Samsung ប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្មត្រឹមតែ 45W Charging ប៉ុណ្ណោះ។

ក្រៅពីបច្ចេកវិទ្យាសាកថ្មលឿន 60W Charging នេះ ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra នេះ នឹងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្ម wireless និង reverse wireless charging ផងដែរ។ នៅក្នុងបញ្ជីរបស់ 3C ខាងលើនេះ បានទម្លាយទៀតថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra នេះ ក៏នឹងមានការទ្រទ្រង់ទៅលើ Satellite Connectivity ទៀតផង។ ស្មាតហ្វូនGalaxy S26 Ultra នឹងក្លាយជាស្មាតហ្វូនតែមួយគត់ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យា 60W Fast Charging ខណៈដែលស្មាតហ្វូន Galaxy S26 Plus នឹងមានការទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្ម 45W charging ហើយសម្រាប់ស្មាតហ្វូន S26 នឹងទ្រទ្រង់ទៅលើ 25W ឬ 45W charging។

នៅក្នុងវិញ្ញាបនបត្រ 3C នេះ ថែមទាំងមានការបង្ហើបអំពីការពន្យារពេលនៃការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Series ផងដែរ។ បើមើលទៅលើស្មាតហ្វូន Galaxy S25 Ultra ទទួលបានការអនុម័តដោយស្ថាប័ន 3C នៅក្នុងខែកញ្ញាឆ្នាំ 2024 នេះមុនពេលដែលប្រកាសជាផ្លូវការនៅក្នុងខែមករាឆ្នាំ 2025។ សម្រាប់ស្មាតហ្វូន Galaxy S26 Series អាចនឹងបង្ហាញខ្លួននៅចុងខែកុម្ភៈខាងមុខនេះហើយ៕
