
ថ្មីៗនេះ មានការបែកធ្លាយជាច្រើនបាននិយាយអំពីតម្លៃរបស់ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S25 series ដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ គ្រោងនឹងធ្វើការឡើងតម្លៃថ្លៃខ្ពស់ជាងស្មាតហ្វូនជំនាន់មុន។ យោងតាមសេចក្តីរាយការណ៌ថ្មីនៅពេលនេះ បាននិយាយពីតម្លៃរបស់ស្មាតហ្វូនថ្មីនេះសម្រាប់ទីផ្សាររបស់អ៊ឺរ៉ុប។ បើមើលទៅលើការបង្ហោះដោយប្រភពអនាមិកមួយបាន ចែករំលែកអំពីតម្លៃរបស់ស្មាតហ្វូន Galaxy S25, Galaxy S25+ និង Galaxy S25 Ultra នេះហើយ។
ប្រភពខាងលើនេះបង្ហាញថា តម្លៃរបស់ស្មាតហ្វូន Galaxy S25 ដែលមានលក់នៅលើទីផ្សារនៅក្នុងទីផ្សាររបស់អ៊ឺរ៉ុប គឺដូចទៅនឹងម៉ូដែល Galaxy S24 អញ្ចឹង។ ប៉ុន្តែមិនទាន់មានការទម្លាយអំពីតម្លៃរបស់ស្មាតហ្វូនទំហំ 512GB និង 1TB របស់ស្មាតហ្វូននេះនៅឡើយទេ ខណៈដែលមុននេះ មានពាក្យចចាមអារ៉ាមថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានតម្លៃកើនឡើងផងដែរ។ ស្មាតហ្វូន Galaxy S25 series ថ្មីនេះ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite ដែលមានតម្លៃខ្ពស់ជាងបន្ទះឈីប Snapdragon 8 Gen 2 និង Exynos 2400 ធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S24 កាលពីឆ្នាំមុន។

គួរបញ្ជាក់ថា ក្រុមហ៊ុន Samsung បានព្យាយាមយ៉ាងខ្លាំងនៅក្នុងការរក្សានូវតម្លៃដូចគ្នាទៅនឹងស្មាតហ្វូនជំនាន់មុននេះ។ ប្រៀបធៀបទៅនឹងស្មាតហ្វូន Galaxy S24 Series ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ ត្រូវគេរំពឹងថា អាចនឹងបន្ថយទៅលើប្រាក់ចំណេញទាបជាងមុនទៅលើស្មាតហ្វូន Samsung Galaxy S25 Series នេះ៕
