
នៅថ្ងៃនេះមានការបែកធ្លាយនូវព័ត៌មានថ្មីពីស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ថ្មីរបស់ក្រុមហ៊ុន Sony មុនការប្រកាសជាផ្លូវការ។ ការធ្លាយខាងលើនេះ គឺត្រូវបានគេប្រទះឃើញនៅក្នុងបញ្ជីនៃផលិតផលសម្រាប់ទីផ្សារហុងកុង ដោយថែមទាំងភ្ជាប់មកជាមួយរូបភាព Renders ជាច្រើន រួមទាំងព័ត៌មានលម្អិតរបស់ស្មាតហ្វូនស៊េរីថ្មី Xperia 10 VII នេះទៀតផង។ ខណៈក្រុមហ៊ុនជប៉ុនមួយនេះ នៅមិនទាន់បានបញ្ជាក់អំពីកាលបរិច្ឆេទនៃការសម្ពោធស្មាតហ្វូនថ្មីនេះទេ នៅពេលនេះ មានការទម្លាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Xperia 10 VI ថែមទៀតហើយ។
តាមការបែកធ្លាយនេះបានបង្ហើបថា ស្មាតហ្វូន Sony Xperia 10 VII ថ្មីនេះ នឹងមានអេក្រង់ទំហំ 6.1-អ៊ីង OLED display គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1080x2340 pixels នៅលើខ្នាត 19.5:9 Aspect Ratio ប៉ុន្តែនៅមិនទាន់ច្បាស់ថា អេក្រង់នេះអាចទ្រទ្រង់ជាមួយល្បឿន 120Hz refresh rate នៅឡើយទេ។ នៅលើស្មាតហ្វូនថ្មីនេះ នឹងមានកាមេរ៉ាក្រយភ្លោះ ដោយកាមេរ៉ាគោល នឹងមានទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 13MP ខណៈកាមេរ៉ាខាងមុខមានទំហំត្រឹមតែ 8MP ប៉ុណ្ណោះ សម្រាប់ថតរូបភាព Selfie និងវីដេអូ។
ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 6 Gen 3 រ៉េមទំហំ 8GB និងម៉េមូរីទំហំ 128GB ហើយនឹងអាចបន្ថែមនូវ microSD Card ដល់ទៅ 2TB ។ ស្មាតហ្វូននេះ ដំណើរការនូវ Android 15 នឹងមានថាមពលថ្មទំហំ 5,000mAh នឹងទ្រទ្រង់ទៅលើ 5G, NFC, GPS, Wi-Fi, Bluetooth 5.4 និង USB Type-C។ ស្មាតហ្វូននេះដំណើរនៅលើ Dual-SIM និងមានវិមាត្រ 153x72x8.3mm ហើយនិងទម្ងន់ 169g។

ស្មាតហ្វូន Xperia 10 VII នេះ នឹងមានពណ៌ Charcoal Black, Cedar White និង Turquoise ហើយនឹងមានការឌីស្សាញរូបរាងថ្មី និងការអាប់ដេតទៅលើ Hardware ផងដែរ។ ខណៈស្មាតហ្វូន Xperia 1 VII ត្រូវគេនិយាយថា មានលក់នៅក្នុងទីផ្សារដែលមានកំណត់ប៉ុណ្ណោះ មានរបាយការណ៍ថ្មីនេះ បានទម្លាយថា ស្មាតហ្វូន Xperia 10 VII នេះនឹងបង្ហាញខ្លួននៅក្នុងទីផ្សារជាច្រើនទៀតដូចជាអ៊ឺរ៉ុប ហើយនិងទីផ្សារនៅអាស៊ានផងដែរ។ ស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួននៅក្នុងខែតុលាខាងមុខនេះ៕
