
នៅក្នុងរបាយការណ៍មួយថ្មីៗនេះ បានទម្លាយនូវរូបភាពថ្មីនៃគំរូស្មាតហ្វូន Google Pixel Fold 2 ថែមទៀតហើយ។ រូបភាពថ្មីនេះ បានបង្ហាញថា ស្មាតហ្វូនថ្មីនេះ នឹងមិនមានបំពាក់នូវកាមេរ៉ា horizontal ដូចអ្វីដែលក្រុមហ៊ុន Google ធ្លាប់តែប្រើប្រាស់នៅលើស្មាតហ្វូន Pixel របស់ខ្លួននៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះនោះទេ។ នៅពេលនេះ បើតាមការទម្លាយចេញពី SmartPrix បានសហការជាមួយនឹង Steve Hemmerstoffer ឬ OnLeaks គឺបានធ្វើការចែករំលែកនូវរូបភាព CAD Renders របស់ស្មាតហ្វូន Pixel Fold 2 នេះហើយ។
រូបភាពជាច្រើននេះ បានទម្លាយអំពីការឌីស្សាញរូបរាងថ្មីនៃស្មាតហ្វូន Pixel Fold ជំនាន់ទី 2 របស់ក្រុមហ៊ុន Google។ រូបភាព CAD renders របស់ស្មាតហ្វូន Pixel Fold 2 នេះ គឺមានពណ៌ Charcoal ដ៏ស្រស់ស្អាត។ តាមរបាយការណ៍នេះ ស្មាតហ្វូននេះ មានអេក្រង់ដែលមានទំហំ 7.9 អ៊ីង។ សម្រាប់អេក្រង់ខាងក្នុងគឺមានទំហំ 8.1 អ៊ីង ហើយអេក្រង់ខាងក្រៅមានទំហំ 6.4 អ៊ីង។ ស្មាតហ្វូនបត់បាន Pixel Fold 2 នេះមានវិមាត្រ 155.2x150.2x5.27mm នៅពេលដែលបត់ និងវិមាត្រ 1552x77.1x10.54mm នៅពេលដែលបើក។

បើធ្វើការប្រៀបធៀប ស្មាតហ្វូន Pixel Fold នេះមានវិមាត្រ 139.7x158.7x5.8mm នៅពេលដែលបើក ហើយនៅពេលដែលបត់វាមានវិមាត្រ 139.7x79.5x12.1mm។ វាអាចនិយាយបានថា ស្មាតហ្វូន Fold 2 នេះមិនត្រឹមតែបង្កើនទៅលើទំហំនោះទេ ប៉ុន្តែវាក៏មានកម្រាស់ស្តើងជាងមុនផងដែរ។ គួរអោយស្តាយនៅក្នុងរបាយការណ៍ខាងលើនេះ មិនមានព័ត៌មានអំពីលក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូន Pixel Fold 2 នោះទេ។

របាយការណ៍ជាច្រើនមុននេះ បានអះអាងថា ស្មាតហ្វូនថ្មីនេះ អាចនឹងមានបន្ទះឈីប Tensor G4 និងមានរ៉េមទំហំ 16GB LPDDR5 RAM, 256 GB UFS 4.0 storage និង Pixie AI ថែមទៀតផង។ ស្មាតហ្វូន Pixel Fold នេះប្រកាសបង្ហាញខ្លួននៅក្នុងព្រឹត្តការណ៍ Google I/O 2023 នៅក្នុងខែឧសភាឆ្នាំមុននេះ។ វានៅមិនទាន់ច្បាស់នោះទេថា ស្មាតហ្វូនថ្មីនេះនឹងប្រកាសបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ I/O 2024 ឆ្នាំនេះឬយ៉ាងណានោះ៕
