
ថ្មីៗនេះ ក្រុមហ៊ុន Huawei ទើបតែបញ្ជាក់អំពីការបង្ហាញនូវផលិតផលប្រកបដោយភាពច្នៃប្រឌិតថ្មីបំផុតរបស់ខ្លួននៅក្នុងខែមីនាខាងមុខនេះហើយ។ ជាមួយគ្នានេះក៏មានការទម្លាយថា នៅក្នុងត្រីមាសទី 1 នេះ ក្រុមហ៊ុនចិននេះ ក៏បានត្រៀមខ្លួនក្នុងការប្រកាសចេញនូវផលិតផលជាច្រើនទៀតផងដែរ។ ផលិតផលទាំងអស់នោះ នឹងផ្តល់នូវភាពអស្ចារ្យមួយកម្រិតទៀតនៅក្នុងទីផ្សារ។
លោក Yu Chengdong ដែលជាអគ្គនាយកផ្នែក Huawei Consumer Business Group ក៏បានសន្យាក្នុងការនាំយកនូវផលិតផលជាច្រើនដែលលើសពីភាពអស្ចារ្យសម្រាប់អតិថិជនជាច្រើននៅក្នុងឆ្នាំ 2025 នេះដូចគ្នា។ កាលពីខែមុននេះ គឺមានការប្រកាសនូវព័ត៌មានលម្អិតនៅក្នុងព្រឹត្តិការណ៍ប្រជុំប្រចាំឆ្នាំ Annual Meeting 2024 ហើយនាយកប្រតិបត្តិរូបនេះ ក៏បានចែករំលែកនូវគម្រោងជាច្រើនសម្រាប់ឆ្នាំថ្មីនេះផងដែរ។

បើទោះបីជាអគ្គនាយកនេះ នៅមិនទាន់បានទម្លាយនូវព័ត៌មានលម្អិតជាច្រើនអំពីផលិតផលណាមួយក៏ដោយ គាត់ក៏បាននិយាយថា នឹងមានផលិតផលជាច្រើនដែលមនុស្សជាច្រើននឹកស្មានមិនដល់នៅឆ្នាំក្រោយនេះ។ ពេលនេះ លោក Yu Chengdong បានបញ្ជាក់ថា ផលិតផលថ្មីប្រកបដោយភាពច្នៃប្រឌិតរបស់ក្រុមហ៊ុន Huawei នឹងបង្ហាញខ្លួននៅក្នុងខែមីនានេះ។ ក្រុមហ៊ុន គឺត្រៀមខ្លួនរួចរាល់ក្នុងការប្រកាសបង្ហាញនុវផលិតផលដែលមិនគួរអោយជឿនៅក្នុងពេលប៉ុន្មានខែខាងមុខនេះ។

សូមជំរាបថា នៅក្នុងឆ្នាំ 2024 កន្លងទៅនេះ ក្រុមហ៊ុន Huawei បានបង្ហាញនូវផលិតផលថ្មីមួយនោះគឺស្មាតហ្វូនបត់បាន 3 តង់ម៉ូដែល Mate XT ។ ស្មាតហ្វូននេះ ក៏បានធ្វើអោយទីផ្សារស្មាតហ្វូន iPhone 16 មានការធ្លាក់ចុះនៅក្នុងទីផ្សាររបស់ចិនដោយសារតែកង្វះខាតទៅលើការច្នៃប្រឌិតនៃការឌីស្សាញ បច្ចេកវិទ្យាកម្រិតខ្ពស់ និងមុខងារ AI ឆ្លាតវៃជាច្រើនទៀត។ Pocket 3 អាចនឹងក្លាយជាផលិតផលប្រកបដោយភាពច្នៃប្រឌិតរបស់ Huawei នៅក្នុងឆ្នាំនេះ៕
