ស្វែងរកពួកយើង:

លេចលឺដំណឹងថា iPhone 17 និង 17 Air នឹងគាំទ្របច្ចេកវិទ្យាអេក្រង់ ProMotion 120Hz refresh rate

ដោយ

Koun Jab Luffy

23 កញ្ញា 2024 07:30 ព្រឹក

អាន 2 នាទី

Article image
ដូចដែលយើងបានដឹងរួចហើយថា ជាច្រើនជំនាន់របស់ទូរស័ព្ទ iPhone ពោលគឺចាប់តាំងពីម៉ូដែល iPhone 13 Series មក iPhone ម៉ូដែល 13 និង 13 mini គឺប្រើបន្ទះអេក្រង់កម្រិតល្បឿន refresh rate 60Hz ហើយល្បឿនអេក្រង់នេះ គឺនៅបន្តរហូតដល់ជំនាន់ចុងក្រោយដែលទើបនឹងបង្ហាញវត្តមានថ្មីៗនេះ គឺ iPhone 16 និង iPhone 16 Plus។
យ៉ាងណាមិញ Apple ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងគិតគួរពិចារណាសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ ProMotion 120Hz ដែលប្រើនៅលើម៉ូដែល Pro និង Pro Max នៅលើ iPhone ជំនាន់ក្រោយដែលចេញនៅឆ្នាំ 2025 គឺ iPhone 17 Series។
បើតាមអ្នកជំនាញមកពីស្ថាប័ន Display Supply Chain Consultant លោក Ross Young បានបង្ហើបការព្យាករណ៍របស់លោកថា Apple មានគម្រោងក្នុងការប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ ProMotion 120Hz refresh rate នៅលើ iPhone ម៉ូដែលស្តង់ដារ គឺ iPhone 17 និង iPhone 17 Air ដែលជាម៉ូដែលថ្មីជំនួសម៉ូដែល Plus បច្ចុប្បន្ន។
Article image
សម្រាប់ការប្រើប្រាស់បច្ចេកវិទ្យា ProMotion 120Hz refresh rate នៅលើ iPhone 17 ស្តង់ដារទាំងពីរឆ្នាំក្រោយនេះ គឺនឹងផ្តល់នូវប្រសិទ្ធិភាពល្បឿនអូសដំណើរការលើអេក្រង់លឿនរហ័ស និងការបង្ហាញមាតិកាកម្សាន្តបានកាន់តែច្បាស់ត្រជាក់ភ្នែកដូចគ្នានឹងអេក្រង់ម៉ូដែល Pro Series ដែរ។
ចំពោះបច្ចេកវិទ្យាអេក្រង់ ProMotion 120Hz refresh rate ដែលប្រើនៅលើជំនាន់ iPhone 13 Pro Series គឺអាចដំណើរការបានចាប់ពីកម្រិតល្បឿន 10Hz ឡើងទៅ 120Hz ខណៈចាប់ពីជំនាន់ iPhone 14 Pro Series រហូតដល់ iPhone 16 Pro Series បច្ចុប្បន្ន គឺមានល្បឿនរំអិលអេក្រង់អតិបរិមាចាប់ពី 1Hz ឡើងទៅ 120Hz ដែលផ្តល់នូវប្រសិទ្ធិភាពក្នុងការសន្សំសំចៃថាមពលថ្មរបស់ iPhone បានល្អប្រសើរ។
បន្ថែមពីនេះ វាក៏ជួយធ្វើឲ្យអេក្រង់របស់ iPhone អាចគាំទ្រនូវមុខងារ Always-on-display សម្រាប់ការបង្ហាញព័ត៌មានសំខាន់ៗមួយចំនួននៅពេលចាក់សោរថែមទៀតផង។ ទោះជាយ៉ាងណាលោក Young មិនបានបញ្ជាក់ថា iPhone 17 និង 17 Air បំពាក់អេក្រង់ ProMotion ដែលមានល្បឿន 10Hz-120Hz ឬ 1Hz-120Hz នោះទេ។
Article image
ជាមួយគ្នានេះសម្រាប់អេក្រង់ iPhone 17 Pro និង iPhone 17 Pro Max អាចនឹងរក្សាទំហំដូចគ្នានឹងម៉ូដែល iPhone 16 Pro និង 16 Pro Max ឆ្នាំនេះជាមួយទំហំ 6.3-inch និង 6.9-inch ហើយអេក្រង់របស់ iPhone 17 និង 17 Air ក៏នឹងរក្សាទំហំដូចគ្នានឹង iPhone 16 និង 16 Plus ដែរ គឺ 6.1-inch និង 6.7-inch៕
លេចលឺដំណឹងថា iPhone 17 និង 17 Air នឹងគាំទ្របច្ចេកវិទ្យាអេក្រង់ ProMotion 120Hz refresh rate