
មួយរយះពេលកន្លងមកនេះ មានការលេចលឺព័ត៌មានទាក់ទងនឹងបន្ទះឈីបដែលក្រុមហ៊ុន Samsung ត្រូវប្រើនៅលើកំពូលស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S25 Series ដែលនឹងមកដល់នៅដើមឆ្នាំ 2025។ បើតាមប្រភពព័ត៌មានខ្លះបាននិយាយថា Samsung នឹងប្រើបន្ទះឈីបកំពូលជំនាន់ថ្មីរបស់ខ្លួន គឺ Exynos 2500 រួមនឹងបន្ទះឈីបកំពូលជំនាន់ថ្មីរបស់ Qualcomm គឺ Snapdragon 8 Gen 4 សម្រាប់ទីផ្សារសំខាន់ៗដូចដែលក្រុមហ៊ុនបានធ្វើកាលពីកន្លងមក។
យ៉ាងណាមិញសម្រាប់ព័ត៌មានថ្មីនេះវិញ បាននិយាយថា Samsung ទំនងជានឹងជ្រើសរើសប្រើបន្ទះឈីប 3 ស៊េរីផ្សេងគ្នាសម្រាប់កំពូលស្មាតហ្វូន Galaxy S25 Series របស់ខ្លួន។ បើតាមប្រភពដែលបានចេញផ្សាយពីសារព័ត៌មានកូរ៉េខាងត្បូង Financial News បាននិយាយថា Samsung នឹងប្រើបន្ទះឈីបចំនួន 3 ស៊េរីផ្សេងគ្នាជាលើកដំបូងសម្រាប់កំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series។
របាយការណ៍ខាងលើនេះ បានបញ្ជាក់ថា Samsung កំពុងធ្វើការសម្រេចចិត្តមិនត្រឹមតែប្រើបន្ទះឈីប Snapdragon 8 Gen 4 និង Exynos 2500 នោះទេ ប៉ុន្តែ ក្រុមហ៊ុនក៏អាចនឹងជ្រើសរើសបន្ទះឈីប Flagship របស់ MediaTek សម្រាប់កំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series របស់ខ្លួនផងដែរ។ ក្នុងន័យនេះ MediaTek នឹងជួយដល់ក្រុមហ៊ុន Samsung ក្នុងការរក្សាបាននៅសមត្ថភាពរបស់ស្មាតហ្វូន និងរក្សាតម្លៃរបស់ស្មាតហ្វូនជំនាន់ថ្មីមិនឲ្យឡើងខ្ពស់ផងដែរ។
តាមអ្នកជំនាញអាជីវកម្មបានលើកឡើងថា សម្រាប់កំពូលឈីបជំនាន់ថ្មី Snapdragon 8 Gen 4 នឹងមានតម្លៃថ្លៃជាងប្រមាណ 25% ទៅ 30% ប្រៀបធៀបនឹងជំនាន់ Snapdragon 8 Gen 3 ដែលប្រើនៅលើកំពូលស្មាតហ្វូនបច្ចុប្បន្នរួមទាំង Galaxy S24 Series ផងដែរ។ ទោះយ៉ាងណាប្រភពព័ត៌មានមិនបានបញ្ជាក់ថា ទីផ្សារតំបន់ណាខ្លួននឹងទទួលបានបន្ទះឈីបមួយណានោះទេ។

ហើយប្រសិនបើជាការពិត Galaxy S25 ដែលប្រើឈីប MediaTek អាចនឹងត្រូវបានកំណត់ចំពោះទីផ្សារក្នុងតំបន់មួយចំនួនដូចជាប្រទេសចិនជាដើម ខណៈពេលដែលទីផ្សារផ្សេងទៀតនឹងប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រក្នុងការចែកចាយ Galaxy S-Series ជាមួយបន្ទះឈីប Exynos និង Qualcomm។ យ៉ាងណាមិញនៅមិនទាន់មានភស្តុតាងជាក់ស្តែងណាមួយដែលគាំទ្រការអះអាងរបស់របាយការណ៍ព័ត៌មានចចាមអារ៉ាមនេះនៅឡើយទេ ដូចនេះមានតែតាមដាន់ការវិវត្តន៍ព័ត៌មានថ្មីៗជាបន្តទៀតប៉ុណ្ណោះ ទម្រាំដល់ថ្ងៃប្រកាសផ្លូវការរបស់ Galaxy S25 Series មកដល់នៅដើមឆ្នាំ 2025៕
