
ក្រុមហ៊ុន Huawei ត្រូវបានគេរាយការណ៍ថា បានចាប់ផ្តើមអភិវឌ្ឍទៅលើថេប្លេតជំនាន់ថ្មី MatePad 12-អ៊ីង របស់ខ្លួនហើយ។ យោងតាមពាក្យចចាមអារ៉ាមជាច្រើននាពេលថ្មីៗនេះ បានអោយដឹងថា ក្រុមហ៊ុននេះ គឺបានត្រៀមខ្លួននៅក្នុងការបង្ហាញនូវថេប្លេតជំនាន់ថ្មីនេះ នៅក្នុងឆមាសទី 2 នៅឆ្នាំនេះ ដោយនឹងមានថេប្លេតមួយ អាចនឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូនជំនាន់ថ្មី Huawei Pura 80 Series។
សូមជំរាបថា ថ្មីៗនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះ ក៏ទើបតែប្រកាសចេញនូវថេប្លេត Flagship ជំនាន់ថ្មីរបស់ខ្លួន MatePad Pro 12.2 អ៊ីង នៅក្នុងទីផ្សារសកលផងដែរ។ ថេប្លេតនេះ ត្រូវគេរំពឹងថា អាចបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Nova 14 series នៅក្នុងប្រទេសចិន។

ប៉ុន្តែតាមការទម្លាយចេញពី SmartPikachu បានអោយដឹងថា ក្រុមហ៊ុន Huawei ត្រៀមបញ្ចេញនូវ MatePad ថ្មីជាច្រើនទៀតដែលក្នុងនោះក៏មានទំហំ 12-អ៊ីង ដែលត្រៀមនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិនឆាប់ៗនេះហើយ។ ក្រុមហ៊ុន Huawei ក៏អាចនឹងទម្លាយនូវផលិតផលថេប្លេតស៊េរីថ្មីរបស់ខ្លួនជាច្រើនម៉ូដែលទៀតនៅក្នុងព្រឹត្តិការណ៍សម្ពោធស្មាតហ្វូន Pura 80 ដូចគ្នា។ ថេប្លេតថ្មីនេះ ក៏អាចនឹងមានថេប្លេត MatePad ទំហំ 8.8-អ៊ីង ផងដែរ។ មានការបែកធ្លាយជាច្រើនទម្លាយថា ថេប្លេតអេក្រង់តូចនេះ គឺជា upgrade version របស់ថេប្លេត MatePad T8។

គួរបញ្ជាក់ថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Huawei បានបង្ហាញថេប្លេត MatePad Air 2024 12-inch ដែលមានការឌីស្សាញយ៉ាងប្រណិត និងពណ៌ដ៏ស្រស់ស្អាត។ ថេប្លេតនេះ គឺមានអេក្រង់ Cloud Clear Soft Light Screen ហើយក៏មានមុខងារ AI ជាច្រើនទៀតផងដែរ។ បន្ថែមពីនេះ ថេប្លេតនេះ ក៏អាចប្រើប្រាស់នូវ HarmonyOS PC-level apps ដូចជាកម្មវិធី WPS Office suite, Huawei Notes និង GoPaint app ថែមទៀតផង។ ថេប្លេតនេះ មិនត្រឹមតែមានការឌីស្សាញដ៏ល្អឥតខ្ចោះនោះទេ ប៉ុន្តែក៏មានមុខងារ AI ជាច្រើនទៀតដូចជា Smart Celia ជាដើម។

ប្រភពខាងលើនេះបន្តថា ក្រុមហ៊ុន Huawei ក៏បានតៀមបញ្ចេញនូវថេប្លេតមួយទៀតទំហំ 12-អ៊ីង ជាមួយនឹងសមត្ថភាពកម្រិត Flagship និងកាន់តែប្រសើរធៀបជាមួយនឹងម៉ូដែលជំនាន់មុន ហើយនឹងប្រើប្រាស់នូវមុខងារ AI ថ្មី រួមជាមួយនឹងបន្ទះឈីប Kirin 5G ថែមទៀតផវ។ សម្រាប់ព័ត៌មានបន្ថែមទៀតនឹងទម្លាយនៅក្នុងពេលឆាប់ៗនេះទៀត៕
