
កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Honor បានប្រកាសចេញនូវស្មាតហ្វូនបត់បាន Honor Magic V2 ដែលមានកម្រាស់ 9.9mm។ នៅឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ ក៏បានបន្តបង្ហាញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Honor Magic V3 មួយទៀត ដែលមានកម្រាស់ស្តើងត្រឹមតែ 9.2mm ប៉ុណ្ណោះ។ យោងតាមការបញ្ជាក់ពីលោក Zhao Ming ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Honor ដែលបាននិយាយនៅក្នុងបទសម្ភាសន៍មួយបានអោយដឹងថា ពួកគេកំពុងតែទន្ទឹងរង់ចាំដៃគូប្រជែងជាច្រើនរបស់ខ្លួនតាមអោយទាន់ទៅលើអ្វីដែលខ្លួនសម្រេចបាន។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ មានការជឿជាក់ថា ស្មាតហ្វូនអេក្រង់បត់បាន Magic V3 ដែលទើបតែបង្ហាញខ្លួននាពេលថ្មីៗនេះ នឹងជួយកសាងម៉ាកយីហោរបស់ក្រុមហ៊ុននេះ នៅក្នុងឧស្សាហកម្មនេះ កាន់តែមានភាពល្បីល្បាញខ្លាំងជាងមុន។

នៅពេលដែលមានអ្នកសួរថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Xiaomi Mix Fold 4 អាចបំបែកទៅលើកំណត់ត្រារបស់ស្មាតហ្វូន Honor Magic V3 បានទេនោះ លោក Zhao Ming បានឆ្លើយតបថា គាត់មិនខ្វល់អំពីរឿងនេះទេ។ Honor គឺមានការផ្តោតខ្លាំងទៅលើការអភិវឌ្ឍន៍ និងនិយមន័យនៃអេក្រង់បត់បាន និងវិធីសាស្រ្តដែលធ្វើអោយស្មាតហ្វូននេះមានទម្រង់ដូចទៅនឹងស្កដើម (Candy-Bar)។

លោកនាយកប្រតិបត្តិរូបនេះ បាននិយាយថា ជាមួយនឹងការរួមបញ្ចូលនូវបច្ចេកវិទ្យាចុងក្រោយបំផុត និងសមាសភាគថ្មីៗជាច្រើននោះ វាពិតជាអាចទៅរួចដែលស្មាតហ្វូនបត់បាននេះនឹងផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យជាងស្មាតហ្វូនជំនាន់មុនថែមទៀត។ គាត់មិនទាន់បញ្ជាក់ថា ក្រុមហ៊ុននេះនឹងមានគម្រោងក្នុងការធ្វើអោយស្មាតហ្វូន Honor Magic 4 នេះកាន់តែស្តើងជាងមុនឬយ៉ាងណានោះ។

លោកនាយកប្រតិបត្តិរូបនេះបានបន្តថា ក្រុមហ៊ុន Honor នឹងធ្វើការវិនិយោគយ៉ាងច្រើនទៅលើស្មាតហ្វូនបត់បាន Flagship នេះ ហើយស្មាតហ្វូនថ្មីៗនេះ នឹងធ្វើអោយមានការរីកចម្រើនទៅលើត្រកូលនៃស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុន Honor។ គួរបញ្ជាក់ថា បន្ទាប់ពីក្រមហ៊ុននេះ បានក្លាយជាក្រុមហ៊ុនស្មាតហ្វូនឯករាជ្យមក ក្រុមហ៊ុននេះក៏បានរក្សានូវតំណែងរបស់ខ្លួននៅលើទីផ្សារផងដែរ។ ក្រុមហ៊ុនចិនមួយនេះ មានគោលដៅក្នុងការផ្តោតទៅលើលទ្ធផលរយៈពេលវែង និងអស្ចារ្យដែលមិនធ្លាប់មានពីមុនមកផងដែរ៕
