ស្វែងរកពួកយើង:

លោក Elon Musk គម្រាមប្តឹងក្រុមហ៊ុន Apple ទៅលើចំណាត់ថ្នាក់ AI នៅលើ App Store

ដោយ

Koun Jab Luffy

13 សីហា 2025 02:12 រសៀល

អាន 2 នាទី

Article image
លោក Elon Musk បានគម្រាមថា នឹងចាត់វិធានការណ៍តាមផ្លូវច្បាប់ប្រឆាំងទៅលើក្រុមហ៊ុន Apple ដោយបានអះអាងថា ក្រុមហ៊ុន Apple បានបំពានទៅលើច្បាប់ប្រឆាំងទៅនឹងការទុកចិត្តដោយអោយកម្មវិធី ChatGPT របស់ក្រុមហ៊ុន OpenAI ជាប់ចំណាត់ថ្នាក់នៅខ្ពស់ជាងកម្មវិធី Grok AI របស់គាត់នៅលើ App Store។ លោកMusk បានបង្ហោះនៅលើបណ្តាញសង្គម X ថា “ក្រុមហ៊ុន Apple កំពុងតែធ្វើរឿងដែលមិនអាចទៅរួចដោយដាក់កម្មវិធី OpenAI នៅក្នុងចំណាត់ថ្នាក់ #1 នៅលើ App Store ដែលនេះ គឺជាការបំពានទៅលើការទុកចិត្តពីអ្នកប្រើប្រាស់។ xAI នឹងត្រូវចាត់វិធានការណ៍តាមផ្លូវច្បាប់។”
គួរបញ្ជាក់ផងដែរថា ទាក់ទងនឹងរឿងនេះ លោក Musk មិនបានភស្តុតាងណាមួយ ដើម្បីគាំទ្រទៅលើការអះអាងរបស់លោកនោះទេ។ ទន្ទឹមនឹងនេះ ផងដែរ អ្នកប្រើប្រាស់ជាច្រើននៅលើ X បានបញ្ជាក់ថា កម្មវិធី DeepSeek ជាប់ចំណាត់ថ្នាក់លេខ #1 នៅលើ App Store ចាប់តាំងពីខែមករា រហូតដល់កិច្ចសហការរបស់ក្រុមហ៊ុន Apple ជាមួយនឹង OpenAI អនុញ្ញាតអោយកម្មវិធី Siri អាចធ្វើការជាមួយនឹង ChatGPT បាន។ មហាសេដ្ឋីពាន់លានដុល្លាររូបនេះ ក៏បានធ្វើការរិះគន់ទៅលើក្រុមហ៊ុន Apple ដោយសារតែមិនដាក់កម្មវិធី X ឬ Grok នៅក្នុងផ្នែក "Must Have" របស់ App Store ផងដែរ។
បច្ចុប្បន្ននេះ កម្មវិធី ChatGPT គឺស្ថិតនៅចំណាត់ថ្នាក់កំពូលក្នុងផ្នែកកម្មវិធីឥតគិតថ្លៃ (free apps) ខណៈពេលដែលកម្មវិធី Grok ជាប់លេខ 6 ហើយសម្រាប់កម្មវិធី Germini របស់ Google ជាប់ចំណាត់ថ្នាក់លេខ 57។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន OpenAI លោក Sam Altman គ៏បានវាយបកទៅលើការបង្ហោះនេះ នៅលើបណ្តាញ X ផងដែរ ដោយលោកបញ្ជាក់ថា ការអះអាងរបស់លោក Musk គឺជាការចោទប្រកាន់តាមការយល់ឃើញរបស់គាត់ និងមានគោលដៅក្នុងការផ្សព្វផ្សាយដើម្បីបានចំណេញដល់ក្រុមហ៊ុនរបស់គាត់។
Article image
ការបញ្ជាក់របស់លោក Musk នេះ គឺបង្ហាញពីការដាក់សម្ពាធដល់ក្រុមហ៊ុន Apple ជាមួយនឹងនិយ័តករ និងដៃគូរប្រកួតប្រជែងជាច្រើនទៀតនៅលើ App Store។ គួរបញ្ជាក់ថា កាលពីខែមេសាកន្លងទៅ សហភាពអ៊ឺរ៉ុប ទើបតែពិន័យក្រុមហ៊ុន Apple នូវទឹកប្រាក់ 587 លានដុល្លារអាមេរិក (500 លានយូរ៉ូ) ដោយសារតែបំពានទៅលើច្បាប់ទីផ្សារឌីជីថល  Digital Markets Act ផងដែរ។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Apple នៅបន្តក្នុងការប្តឹងឧទ្ធរណ៍វិញចំពោះការផាកពិន័យនេះ៕