ស្វែងរកពួកយើង:

លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi មានគោលដៅលក់ឡានឲ្យបាន 350,000 គ្រឿងនៅឆ្នាំ 2025 នេះ

ដោយ

Koun Jab Luffy

02 កញ្ញា 2025 11:50 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន Xiaomi ត្រូវបានគេរាយការណ៍ថា មានការនាំចេញឡានអគ្គិសនីរបស់ខ្លួននៅក្នុងខែសីហាឆ្នាំ 2025 កើនឡើងលើសពី 30,000 គ្រឿង ដែលនេះជាខែទី 2 ជាប់ៗគ្នាដែលការនាំចេញមានចំនួនលើសពីការព្យាករណ៍ទុក។ តួលេខនេះ ត្រូវបានរួមបញ្ចូលគ្នានូវការលក់ម៉ូដែល Xiaomi SU7, SU7 Ultra និង YU7 ដែលបានដាក់លក់ជាផ្លូវការនៅចុងខែមិថុនា។ នៅក្នុងខែកក្កដា ការនាំចេញក៏មានចំនួនលើសពី 30,000 គ្រឿងផងដែរ ដែលនាំឱ្យបរិមាណនៃការនាំចេញសរុបរបស់ក្រុមហ៊ុនចាប់តាំងពីការចាប់ផ្តើមនៃការលក់ក្នុងខែមេសា ឆ្នាំ 2024 កើនឡើងជាលំដាប់។
ជាមួយសន្ទុះនៃការគាំទ្ររថយន្តរបស់ខ្លួនពីសំណាក់អតិថិជនទាំងនៅទីផ្សារក្នុងស្រុក និងក្រៅស្រុក បានធ្វើឲ្យ Xiaomi បានបង្កើនហាងលក់ថ្មីចំនួន 18 បន្ថែមទៀតក្នុងខែសីហា ដែលធ្វើឲ្យចំនួនហាងលក់រថយន្ត Xiaomi កើនឡើងដល់ចំនួន 370 ទីតាំងនៅទូទាំងក្រុងចំនួន 105 ក្នុងប្រទេសចិន។ ជាមួយគ្នានេះ Xiaomi ក៏បានបើកដំណើរការផ្នែកសេវាកម្មក្រោយការលក់ service outlets បានចំនួន 189 កន្លែង នៅក្នុងក្រុងចំនួន 112 ហើយនៅក្នុងខែកញ្ញានេះ ក្រុមហ៊ុន ក៏នឹងបើកដំណើរការហាងលក់បន្ថែមចំនួន 32 ហាង នៅក្នុងក្រុងខេត្តចំនួន 14 ទៀត ក្នុងនោះ រួមមានខេត្ត Tangshan និង Taizhou ផងដែរ។
Article image
ស្ថាបនិក Xiaomi លោក Lei Jun បានប្រកាសថា ក្រុមហ៊ុនលោក មានគោលដៅក្នុងការចែកចាយលក់រថយន្តឲ្យបានចំនួន 350,000 គ្រឿងក្នុងឆ្នាំ 2025 នេះ។ ចំពោះផែនការផ្ទៃក្នុងរបស់ Xiaomi គឺបានបង្ហាញពីការរំពឹងទុកនៃលក់ឈានដល់ចំនួនចន្លោះពី 400,000 ទៅ 500,000 គ្រឿងនៅឆ្នាំក្រោយ ហើយក៏នឹងឈានដល់លើសពីចំនួន 800,000 គ្រឿងនៅឆ្នាំ2026។
Article image
បច្ចុប្បន្ន Xiaomi បានផលិត និងចេញលក់រថយន្តអគ្គិសនីរបស់ខ្លួននៅលើទីផ្សារជាផ្លូវការណ៍បានចំនួនពីរស៊េរីហើយ ក្នុងនៅរួមមាន Xiaomi SU7 Sedan Series ដែលមានដូចជា SU7, SU7 Pro, SU7 Max និង SU7 Ultra ដែលមានតម្លៃចាប់ពី $30,270 ដល់ $42,020 នៅទីផ្សារប្រទេសចិន។
Article image
ចំនែកម៉ូដែលថ្មីចុងក្រោយ គឺ YU7 ដែលជារថយន្តអគ្គិសនី SUV ដែលបានបង្ហាញវត្តមានដំបូងក្នុងខែមីនា ឆ្នាំ 2024 និងបានប្រកាសដាក់ឲ្យបញ្ជាទិញក្នុងខែមិថុនា ឆ្នាំ 2025 ជាមួយតម្លៃចាប់ពីខ្ទង់ $35,530 ដល់ $46,260។ ក្នុងខែកក្តដា ឆ្នាំ 2025, Xiaomi Auto បានឲ្យដឹងថា ការនាំចេញរថយន្តសរុប គឺមានចំនួន 30,452 គ្រឿង ក្នុងនោះម៉ូដែល SU7 Sedan Series មានចំនួន 24,410 គ្រឿង និងម៉ូដែល YU7 មានចំនួន 6,042 គ្រឿង៕
លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi មានគោលដៅលក់ឡានឲ្យបាន 350,000 គ្រឿងនៅឆ្នាំ 2025 នេះ