ស្វែងរកពួកយើង:

លោក Luca Maestri នាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុរបស់ Apple ប្រកាសពីការលាឈប់ពីតួនាទី!

ដោយ

Koun Jab Luffy

28 សីហា 2024 09:37 ព្រឹក

អាន 2 នាទី

Article image
លោក Luca Maestri ដែលជានាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៌ថា នឹងប្រកាសលាឈប់ពីតួនាទីរបស់គាត់ចាប់ពីថ្ងៃទី 1 ខែមករាឆ្នាំ 2025 នេះហើយ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន Apple នៅថ្ងៃនេះ។ លោក Maestri មិនទាន់ចាកចេញពីក្រុមហ៊ុននោះទេ ហើយគាត់នឹងដឹកនាំទៅលើក្រុមការងារ  Corporate Services ដែលមានផ្នែកប្រព័ន្ធព័ត៌មាន និងបច្ចេកវិទ្យា សុវត្ថិភាពព័ត៌មាន ផ្នែកអចលនទ្រព្យ និងការអភិវឌ្ឍ ហើយគាត់នឹងរាយការណ៍ទៅកាន់នាយកប្រតិបត្តិ (CEO) លោក Tim Cook ។
ការផ្លាស់ប្តូរនេះ បានធ្វើអោយលោក Kevan Parekh ដែលជាអនុប្រធានផ្នែកគម្រោងផែនការហិរញ្ញវត្ថុ និងវិភាគរបស់ក្រុមហ៊ុន Apple នឹងទទួលនូវតួនាទីជានាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ (CFO) និងចូលរួមជាមួយនឹងក្រុមការងារថ្នាក់នាយកប្រតិបត្តិវិម្តង។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ នាយកប្រតិបត្តិលោក Tim Cook របស់ក្រុមហ៊ុន Apple បាននិយាយថា លោក Maestri គឺជាផ្នែកមួយដ៏សំខាន់ក្នុងការកែលម្អរទៅលើដំណើរការហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Apple នេះ។
លោក Cook បាននិយាយថា លោក Parekh គឺជាសមាជិកម្នាក់ដែលមិនអាចខ្វះបាននៅក្នុងក្រុមការងារផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Apple អស់ពេលជាងមួយទសវត្សន៍ ហើយគាត់យល់ទាំងដំនើរការផ្នែកខាងក្នុង និងខាងក្រៅរបស់ក្រុមហ៊ុននេះ។ សូមជំរាបថា លោក Maestri បានធ្វើការជា CFO របស់ក្រុមហ៊ុន Apple ជាង 10 ឆ្នាំ ហើយគាត់បានកាន់ដំណែងនេះនៅក្នុងខែឧសភា ឆ្នាំ 2014។ សម្រាប់ពេលនេះ នៅមិនទាន់មានការបញ្ជាក់អំពីហេតុផលដែលលោក Maestri សម្រេចលាឈប់ពីតួនាទីជា CFO នោះទេ។
Article image
គួរបញ្ជាក់ផងដែរថា លោក Parekh បានធ្វើការជាមួយនឹងក្រុមហ៊ុន Apple អស់ពេលជាង 11 ឆ្នាំ និងដឹកនាំផ្នែកហិរញ្ញវត្ថុ និងវិភាគរបស់ក្រុមហ៊ុន Apple ទំនាក់ទំនងជាមួយនឹងវិនិយោគិន ការស្រាវជ្រាវទីផ្សារ និង G&A រួមជាមួយនឹងគុណប្រយោជន៍ជាច្រើនទៀតជាមួយនឹងក្រុមការងារហិរញ្ញវត្ថុ។ នៅមុនពេលដែលធ្វើការជាមួយនឹងក្រុមហ៊ុន Apple នេះ គាត់បានធ្វើការនៅក្រុមហ៊ុន Thomson Reuters និង General Motors។ លោក Parekh នឹងជំនួសដំណែងរបស់លោក Maestri ចាប់ពីថ្ងៃទី 1 ខែមករា ឆ្នាំ 2025 ខាងមុខនេះ៕