
ស្មាតហ្វូនស៊េរីថ្មី Realme X50 5G ត្រូវបានគេនិយាយថា នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងសប្តាហ៍ក្រោយនេះ គឺនៅថ្ងៃអង្គារ៍។ នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុននេះ ក៏អាចនឹងប្រកាសចេញនូវស្មាតហ្វូន Realme X50 Youth Edition និង Realme Buds Air ផងដែរ។ កន្លងមក ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ គឺបង្ហាញរួចហើយអំពីការឌីស្សាញផ្នែកខាងក្រោយរបស់ស្មាតហ្វូន Realme X50 5G ។
លោក Madhav Sheth ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Realme នៅក្នុងប្រទេសឥណ្ឌា ក៏ធ្វើការចែករំលែកនូវរូបភាពជាច្រើនសន្លឹកអំពីស្មាតហ្វូន 5G នេះទៅកាន់អ្នកគាំទ្រជាច្រើនរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌាផងដែរ។

លោក Sheth នេះ បានបង្ហាញរូបភាពជាច្រើន ដែលបង្ហាញអំពីផ្នែកខាងក្រោយរបស់ស្មាតហ្វូន Realme X50 5G នេះ។ សម្រាប់ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានពណ៌ gradient និងមានកាមេរ៉ាបញ្ឈរនៅផ្នែកខាងលើខាងឆ្វេងតួខ្លួន។ ការឌីស្សាញផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន Realme X2 ។ ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានកាមេរ៉ាគោលទំហំ 64MP និងមានភ្ជាប់ជាមួយនឹងកាមេរ៉ា Ultrawide Lens ថែមទៀតផង។

ប្រព័ន្ធស្កេនក្រយ៉ៅដៃរបស់ស្មាតហ្វូននេះ គឺមានភ្ជាប់នៅលើប៊ូតុង Power របស់ស្មាតហ្វូននេះដែលស្ថិតនៅផ្នែកខាងស្តាំរបស់ស្មាតហ្វូន Realme X50 5G នេះ។ នៅគែមផ្នែកខាងឆ្វេងរបស់ស្មាតហ្វូននេះ គឺមានប៊ូតុង Volume។ សម្រាប់រូបភាពផ្នែកខាងមុខរបស់ស្មាតហ្វូននេះ គឺមានការបង្ហាញអំពីការឌីស្សាញជាមួយនឹងកាមេរ៉ាខាងមុខភ្លោះរបស់ស្មាតហ្វូននេះ។ អេក្រង់របស់ស្មាតហ្វូននេះ គឺមានទំហំ 6.6 អ៊ីង អមជាមួយកាមេរ៉ា 2 គ្រាប់ទំហំ 32MP+8MP។

លោក Madhav Sheth ក៏ធ្វើការចែករំលែកអំពីរូបភាពរបស់ស្មាតហ្វូននេះប្រភេទ 5G ផងដែរ។ ស្មាតហ្វូន Realme X50 5G នេះនឹងដំណើរការនូវបន្ទះឈីប Snapdragon 765G។ ក្រុមហ៊ុននេះ បានអះអាងថា វានឹងមានការពង្រឹងទៅលើបច្ចេកវិទ្យា 30W fast charging technology ដែលអនុញ្ញាតអោយស្មាតហ្វូននេះបញ្ចូលថាមពលថ្ម 30 នាទីបានត្រឹមតែ 70% ថែមទៀតផង៕
