
ស្មាតហ្វូនអេក្រង់បត់ បាននឹងបន្តសន្ទុះកើនឡើង និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សក្នុងរយះពេល 5 ឆ្នាំចុងក្រោយនេះ បន្ថែមពីនេះ ក្រុមហ៊ុនផលិតធំៗក្នុងពិភពលោក ក៏បាននឹងកំពុងធ្វើការវិវត្តន៍ទៅការអភិវឌ្ឍន៍បន្ថែមទៀតទៅលើម៉ាស៊ីនកុំព្យូទ័រ Laptop ដែលមានអេក្រង់បត់ផងដែរ។ ទោះជាយ៉ាងក៏មានក្រុមហ៊ុនផលិតផ្សេងៗទៀត ដូចជា Apple ជាដើម នៅមិនទាន់បានចូលប្រឡូកនៅក្នុងទីផ្សារឧបករណ៍បំពាក់អេក្រង់បត់នៅឡើយទេរហូតមកទល់ពេលនេះ។
ទោះបីជាមិនទាន់ចូលប្រឡូលក្នុងទីផ្សារឧបករណ៍អេក្រង់បត់ក៏ពិតមែន ប៉ុន្តែ ក្រុមហ៊ុនបិតាបច្ចេកវិទ្យា Cupertino របស់សហរដ្ឋអាមេរិកមួយនេះ ត្រូវបានព័ត៌មានចចាមអារាមជាច្រើនបាននិយាយថា បាននឹងកំពុងធ្វើការអភិវឌ្ឍន៍លើឧបករណ៍អេក្រង់បត់បានចំនួនពីរដែលត្រូវបានគេដឹងថាជា iPad និង MacBook Hybrid។ ឧបករណ៍ទាំងពីរនេះ ត្រូវបានគេទម្លាយថា ទំនងជានឹងប្រកាសចេញនៅចុងឆ្នាំ 2025 ឬឆ្នាំ 2026។
ប៉ុន្តែ នៅពេលនេះ លោក Ming Chi-Kuo ដែលជាអ្នកវិភាគផលិតផល iDevices របស់ Apple ដ៏មានឥទ្ធិពល បាននិយាយថា ទាក់ទងនឹងព័ត៌មានចចាមអារ៉ាមនៃឧបករណ៍អេក្រង់បត់របស់ Apple គឺត្រូវពន្យាពេលក្នុងការប្រកាសចេញបន្ថែមទៀត។ លោក Kuo បានគួរបញ្ជាក់ថា ឧបករណ៍អេក្រង់បត់ដំបូងរបស់ Apple នឹងត្រូវពន្យាពីដើមឆ្នាំ 2026 ដល់ចុងឆ្នាំ 2027 ឬរហូតដល់ឆ្នាំ 2028។
សម្រាប់ឧបករណ៍អេក្រង់បត់ដំបូងរបស់ Apple គឺជាម៉ាស៊ីន MacBook Foldable ដែលមិនមែនជា iPad នោះទេ ដោយសារតែកន្លងមកមានការទម្លាយថាឧបករណ៍អេក្រង់បត់របស់ Apple គឺមានអេក្រង់បត់ទំហំ 18.8-inch។ លោក Kuo បញ្ជាក់ថា កត្តាចម្បងនៃការពន្យាពេលប្រកាសចេញ គឺទាក់ទងនឹងបញ្ហាបច្ចេកទេស និងគ្រឿងបង្គុំ។ Apple ត្រូវបានគេរាយការណ៍ថា បានលប់ចោល គម្រោងក្នុងការប្រកាសចេញឧបករណ៍អេក្រង់បត់ដែលមានទំហំធំដល់ 20.25-inch។

ហើយបើតាមរបាយការណ៍កន្លងមកបាននិយាយថា ក្រុមហ៊ុន LG គឺជាដៃគូក្នុងការផ្គត់ផ្គង់សម្រាប់អេក្រង់បត់ទៅឲ្យ Apple ដោយតម្លៃអេក្រង់បត់ គឺប្រហែល $600 ដល់ $650 និងគន្លឹះត្រចៀកបត់អាចមានតម្លៃចន្លោះពី $200 ដល់ $250។ ជាមួយគ្រឿងបន្លាស់បង្គុំមានតម្លៃថ្លៃដូច្នេះ គឺនឹងធ្វើឲ្យឧបករណ៍អេក្រង់បត់ចេញពីក្រុមហ៊ុន Apple អាចមានតម្លៃខ្ពស់ដែលខ្ទង់ $3,500៕
