
លោក Tim Cook ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បានធ្វើការសរសើរទៅលើបច្ចេកវិទ្យា AI ដែលអភិវឌ្ឍដោយក្រុមហ៊ុន start-up DeepSeek របស់ប្រទេសចិន ខណៈពេលដែលក្រុមហ៊ុននេះ ក៏កាន់តែកៀកក្នុងការដាក់អោយដំណើរការនូវ Apple Intelligence នៅក្នុងទីផ្សាររបស់ចិនផងដែរ។ បើតាមរបាយការណ៍ចេញពី South China Morning Post បានអោយដឹងថា នៅពេលនេះ ក្រុមហ៊ុននេះ រង់ចាំតែការយល់ព្រមពីរដ្ឋបាលរបស់ចិនតែប៉ុណ្ណោះ។
ថ្លែងនៅក្នុងវេទិកាអភិវឌ្ឍរបស់ចិន (China Development Forum) នៅក្នុងទីក្រុងប៉េកាំង លោក Cook បានបញ្ជាក់ថា បច្ចេកវិទ្យា AI របស់ DeepSeek គឺពិតជាល្អឥតខ្ចោះ។ គាត់មិនទាន់បញ្ជាក់ថា ក្រុមហ៊ុន Apple នឹងងាកទៅចាប់ដៃជាមួយនឹងក្រុមហ៊ុននេះ ឬយ៉ាងណានោះ។ កាលពីពេលមុននេះ លោក Cook បានបញ្ជាក់ថា របកគំហើញថ្មីតែងតែនាំទៅរករឿងដែលល្អ នេះប្រហែលជាលើកចង់សំដៅទៅលើក្រុមហ៊ុន AI ថ្មីដូចជា DeepSeek ដែលផ្តល់នូវលទ្ធផលដ៏អស្ចារ្យ និងការចំណាយទាបថែមទៀត។
គួរបញ្ជាក់ផងដែរថា បច្ចេកវិទ្យា DeepSeek នេះ ត្រូវបានគេសរសើរដោយសារតែការអភិវឌ្ឍទៅលើ Large Language Models ដែលអាចប្រៀបធៀបជាមួយនឹងក្រុមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិក ដូចជា OpenAI ជាដើម។ ក្រុមហ៊ុននេះ បានអះអាងថា សម្រាប់ R1 Model របស់បច្ចេកវិទ្យានេះ ត្រូវបានអភិវឌ្ឍនៅក្នុងពេលត្រឹមតែ 2 ខែ ជាមួយការចំណាយទឹកប្រាក់ចំនួន 5.6 លានដុល្លារប៉ុណ្ណោះ។

គួរបញ្ជាក់ថា នៅក្នុងខែកុម្ភៈកន្លងទៅនេះ ក្រុមហ៊ុននេះ ត្រូវបានគេរាយការណ៍ថា ក្រុមហ៊ុន Apple បានឈានដល់កិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន Alibaba Group ក្នុងការបញ្ចូលនូវ Qwen models ទៅកាន់ Apple Intelligence សម្រាប់អ្នកប្រាស់ជាច្រើននៅចិនដីគោក។ ក្រុមហ៊ុននេះ ក៏បានជជែកជាមួយនឹងក្រុមហ៊ុន Baidu នៅក្នុងការដាក់អោយប្រើប្រាស់នូវ large language models ទៅកាន់ទីផ្សាររបស់ចិនផងដែរ៕
