
ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បាន Samsung ប៉ុណ្ណោះ នៅថ្ងៃនេះ មានការចែកចាយនូវព័ត៌មានថ្មីរបស់ស្មាតហ្វូនថ្នាក់ប្រណិតនៃត្រកូល Galaxy S26 series ថែមទៀតហើយ ដោយក្នុងថែមទាំងមានការបញ្ជាក់ពីការផ្លាស់ប្តូរទៅលើម៉ូដែលមួយចំនួនទៀតផង។ តាមការបែកធ្លាយនៅលើទិន្នន័យរបស់ GSMA IMEI បង្ហាញថា Galaxy S26 Series អាចនឹងគ្មានម៉ូដែល ‘Plus’ ទៀតនោះទេ។
នៅលើបញ្ជីនេះគឺមានការបញ្ជាក់ទៅលើតែវត្តមាន 3 ម៉ូដែលប៉ុណ្ណោះ ក្នុងនោះមានដូចជាលេខម៉ូដែល SM-S942, SM-S947 និង SM-S948 ហើយបើតាមរបាយការណ៌ខាងលើនេះ គឺបាននិយាយថា លេខម៉ូដែលទាំង 3 នេះ នឹងបង្ហាញខ្លួនជាមួយស្មាតហ្វូន Galaxy S26, Galaxy S26 Edge និង Galaxy S26 Ultra មិនមានឈ្មោះរបស់ “Plus” ទៀតនោះទេ។ មានការព្យាករណ៌ថា វត្តមានរបស់ស្មាតហ្វូនថ្នាក់ប្រណិត Flagship ទាំង 3 នេះ គឺនឹងមានការជំនួសទៅលើម៉ូដែល Galaxy S Plus ដផយម៉ូដែល Edge ដែលមានកម្រាស់ស្តើង។

គួរបញ្ជាក់ថា កន្លងមក វត្តមានរបស់ Galaxy S25 Series គឺមានការប្រើប្រាស់នូវលេខម៉ូដែល SM-S931 សម្រាប់ម៉ូដែលស្តង់ដារ និងលេខ SM-S936 សម្រាប់ម៉ូដែល Plus ខណៈដែលលេខ SM-S938 សម្រាប់ម៉ូដែល Ultra។ ប៉ុន្តែចំពោះម៉ូដែលស្តង់ដាររបស់ S26 គឺមានលេខ SM-S942 ដែលជំនួសទៅលើ S941។ ក្រឡេកមក S26 Edge (SM-S947) អាចនឹងមានការជំនួសម៉ូដែល Plus ដោយសារតែក្រុមហ៊ុនមើលឃើញពីអនុភាពនៃស្មាតហ្វូនថ្មីនេះ។ កន្លងមកបើមើលទៅលើការឌីស្សាញ និងសមត្ថភាពរបស់ Galaxy S25 Edge គឺស្ថិតនៅចន្លោះម៉ូដែលស្តង់ដារ និងម៉ូដែល Ultra។ ដូច្នេះសម្រាប់ឆ្នាំ 2026 ខាងមុខនេះ ការបង្ហាញវត្តមានរបស់ស្មាតហ្វូនថ្នាក់ប្រណិតទាំង 3 របស់ Samsung គឺនឹងមានការប្រែប្រួល។
