
Redmi Note 15 Pro+ ដែលជាស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Xiaomi ត្រូវគេរំពឹងថា នឹងមានការដាក់អោយប្រើប្រាស់នូវបន្ទះឈីបដូចគ្នាទៅនឹងស្មាតហ្វូនជំនាន់មុនផងដែរ។ តាមការបញ្ជាក់ចេញពីអ្នកទមា្លយ PaperKing13 បានអោយដឹងថា ក្រុមហ៊ុនបច្ចេក វិទ្យាយក្សរបស់ចិននេះ នឹងមិនធ្វើការ upgrade ទៅលើស្មាតហ្វូន Redmi Note នៅក្នុងឆ្នាំនេះទេ។
ដូច្នេះស្មាតហ្វូន Redmi Note 15 Pro+ អាចនៅបន្តនៅក្នុងការប្រើប្រាស់នូវបន្ទះឈីបQualcomm’s Snapdragon 7s Gen 3 SoC (SM7635) ដូចទៅនឹងស្មាតហ្វូន Redmi Note 14 Pro+ អញ្ចឹងដែរ។ ការប្រើឈីបដដែលនេះ ត្រួវបានគេកត់សម្គាល់ថា ប្រហែលជាអាចធ្វើអោយអ្នកប្រើប្រាស់ជាច្រើនមានការខកចិត្តដោយសារតែក្រុមហ៊ុនគូរប្រជែងជាច្រើនចាប់ផ្តើមបញ្ចេញស្មាតហ្វូនជាច្រើនដែលមានបន្ទះឈីបខ្លាំងក្លាជាពិសេសទៅលើបន្ទះឈីប Snapdragon 7 Gen 4។

ក្រៅពីការព័ត៌មានថ្មីពីបន្ទះឈីបនេះ អ្នកទម្លាយរូបនេះ នៅមិនទាន់បានទម្លាយព័ត៌មានជាច្រើនទៀតរបស់ស្មាតហ្វូន Note 15 Pro+ នេះទេ។ យើងនៅមិនទាន់មានព័ត៌មានអំពីកាមេរ៉ា អេក្រង់ និងថាមពលថ្មរបស់ស្មាតហ្វូននេះទេ។ ប៉ុន្តែ អ្នកទម្លាយ PaperKing13 ក៏បង្ហើបថា ស្មាតហ្វូន Note 15 5G នេះអាចនឹងប្រើប្រាស់នូវបន្ទះឈីបផ្សេងទៀតរបស់ Qualcomm ខណៈពេលដែលស្មាតហ្វូន Note 15 Pro 5G អាចនឹងបំពាក់នូវបន្ទះឈីប MediaTek Dimensity។

សូមជំរាបថា នៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ក៏បានធ្វើការនៅលើស្មាតហ្វូន Redmi Note 15 4G និង Note 15 Pro 4G Series ផងដែរ ប៉ុន្តែលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ នៅមិនទាន់ទម្លាយនៅឡើយទេ។ ស្មាតហ្វូនRedmi Note 15 Pro series ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួនជាផ្លូវការនៅចុងខែនេះ៕
