ស្វែងរកពួកយើង:

វីដេអូថ្មីមួយបង្ហាញពីអេក្រង់ Huawei Mate X6 អាចទ្រទ្រង់ម៉ូតូមួយដែលមានទម្ងន់ដល់ទៅ 300kg

ដោយ

Koun Jab Luffy

02 ធ្នូ 2024 07:57 ព្រឹក

អាន 2 នាទី

Article image
Mate X6 គឺជាស្មាតហ្វូនអេក្រង់បត់បានស៊េរីថ្មីរបស់ក្រុមហ៊ុន Huawei ដែលទើបតែមានវត្តាមាមនៅលើទីផ្សារប្រទេសចិននាពេលថ្មីៗនេះ។ បើមើលទៅលើការឌីស្សាញពីរូបរាងស្មាតហ្វូននេះ គឺពិតជាមានអេក្រង់កម្រាស់ស្តើងដូចក្រដាសអញ្ចឹង ប៉ុន្តែអេក្រង់នេះ គឺមានសមត្ថភាពខ្ពស់មែនទែន បើយើងមើលទៅលើវីដេអូថ្មីមួយដែលក្រុមហ៊ុនបានបង្ហាញកាលពីពេលថ្មីៗនេះ។
តាមរយៈនៃវីដេអូនេះ បង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ បានធ្វើតេស្តទៅលើភាពធន់នៃស្មាតហ្វូនបត់បាននេះនៅលើគណនី Weibo របស់ខ្លួន។ សូមជំរាបថា នៅក្នុងព្រឹត្តិការណ៍សម្ពោធស្មាតហ្វូន Mate 70 series នាពេលកន្លងមក គឺមានការបង្ហាញថា Mate X6 គឺមានអេក្រង់ធំជាងមុន និងការឌីស្សាញរូបរាងកាន់តែស្លីមជាងមុន។ នៅក្នុងនោះ ក៏មានការធ្វើតេស្តមួយដែលមានរយៈពេល 30 វិនាទីផងដែរ ដោយបានបញ្ជាក់ថា ស្មាតហ្វូនបត់បានជំនាន់ថ្មី Mate X6 គឺពិតជាមានភាពធន់ខ្លាំងមែនទែន។
នៅពេលនេះ ក្រុមហ៊ុន Huawei បានបន្តចែករំលែកនូវវីដេអូវែង ដែលមានរយៈពេល 4 នាទី ដែលមានការទម្លាយអំពីភាពធន់នៃអេក្រង់បត់បានរបស់ស្មាតហ្វូន Mate X6។ ស្មាតហ្វូននេះមានការបំពាក់នូវអេក្រង់ Kunlun Glass ជំនាន់ទី 2 នេះក៏ធន់ទៅនឹងស្នាមឆ្កូតថែមទៀតផង។ បន្ថែមពីនេះ ក៏មានការតេស្តទៅលើអេក្រង់របស់ស្មាតហ្វូន Huawei Mate X6 ជាមួយនឹងទម្ងន់ម៉ូតូដល់ទៅ 300kg ប៉ុន្តែអេក្រង់នេះមិនមានបញ្ហាបែកនោះទេ។ នៅក្នុងឃ្លីបខាងលើនេះ មានការបង្ហាញថា ក្រុមហ៊ុន Huawei ក៏បានពង្រឹងទៅលើប្រព័ន្ធត្រជាក់ cooling system ទៅលើស្មាតហ្វូន Mate X6 ផងដែរ។
Article image
ក្រុមហ៊ុន Huawei ក៏បាននាំយកនូវយន្តការថ្មី Heat-Dissipation Mechanism កម្រិតខ្ពស់ មកប្រើប្រាស់នៅលើស្មាតហ្វូនថ្មីនេះ ដើម្បីការពារកុំអោយមានការកើនឡើងកំដៅនៅលើស្មាតហ្វូននេះផងដែរ។ ប្រព័ន្ធ 3D VC liquid cooling system និង graphite layer នេះ គឺបានជួយផ្ទេរកំដៅបានយ៉ាងល្អបំផុត៕