ស្វែងរកពួកយើង:

សម្រាប់ការប្រើប្រាស់នូវ ChatGPT នៅលើ iOS 18 ក្រុមហ៊ុន Apple មិនបង់ប្រាក់អោយក្រុមហ៊ុន OpenAI នោះទេ

ដោយ

Koun Jab Luffy

14 មិថុនា 2024 08:47 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Apple ទើបតែប្រកាសអំពីភាពជាដៃគូសហការជាមួយនឹងក្រុមហ៊ុន OpenAI ដែលអនុញ្ញាតអោយកម្មវិធី Siri អាចធ្វើការចូលទៅកាន់ ChatGPT បានដោយផ្ទាល់នៅលើប្រព័ន្ធប្រតិបតិ្តការ iOS 18, iPadOS 18 និង macOS Sequoia ដើម្បីអាចឆ្លើយតបបានកាន់តែប្រសើរជាងមុននៅក្នុងស្ថានភាពផ្សេងៗគ្នាជាច្រើន។ តាមការបញ្ជាក់របស់របាយការណ៍ចេញពី Bloomberg បានអោយដឹងថា កិច្ចសហការនេះ គឺគ្មានអ្នកណាបង់ប្រាក់អោយអ្នកណានោះទេ។
Mark Gurman ដែលជាអ្នកវិភាគដ៏ល្បីរបស់ Bloomberg នោះ បាននិយាយថា “ក្រុមហ៊ុន Apple គឺមិនបានបង់ប្រាក់ទៅកាន់ OpenAI នោះទេ នៅក្នុងផ្នែកមួយនៃកិច្ចសហការនេះទេ។ ក្រុមហ៊ុន Apple ត្រូវបានគេជឿជាក់ថា បានជម្រុញទៅលើម៉ាកយីហោរបស់ក្រុមហ៊ុន OpenAI និងបច្ចេកវិទ្យាថ្មីនេះ ទៅកាន់មនុស្សរាប់លាននាក់តាមរយៈឧបករណរបស់ខ្លួនដែលនេះមានតម្លៃច្រើនជាងការទូទាត់ជាសាច់ប្រាក់ថែមទៀតផង។”
លោក Gurman បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន OpenAI អាចនឹងទទួលបាននូវប្រាក់ចំណេញតាមរយៈកិច្ចព្រមព្រៀងមួយក្នុងការជម្រុញអោយអ្នកប្រើប្រាស់របស់ Apple ធ្វើការ subscribe ទៅកាន់  ChatGPT Plus ដែលមានតម្លៃ $20 ក្នុងមួយខែនោះ។ ប្រសិនបើអ្នកប្រើប្រាស់ធ្វើការ sign up តាមរយៈឧបករណ៍របស់ Apple នោះ ក្រុមហ៊ុន Apple នឹងទទួលបាននូវកំរៃជើងសារថែមទៀត។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុន Apple ក៏មានគម្រោងក្នុងការបង្កើនទៅលើសមត្ថភាពនៃបច្ចេកវិទ្យា AI នេះតាមរយៈកិច្ចព្រមព្រៀងជាដៃគូនេះ។
សូមជំរាបថា កាលពីពេលមុននេះ ក្រុមហ៊ុន Apple ក៏បានពិភាក្សាជាមួយនឹង Gemini chatbot របស់ក្រុមហ៊ុន Google ហើយកិច្ចព្រមព្រៀងនេះ អាចនឹងកើតឡើងនៅឆ្នាំក្រោយនេះ។ ក្រុមហ៊ុន Apple មានគោលដៅក្នុងការរកប្រាក់ចំណូលបន្ថែមតាមរយៈការរកប្រាក់ចេញពី Chatbot នៅលើប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន ហើយអ្នកប្រើប្រាស់នឹងពឹងផ្អែកខ្លាំងទៅលើ AI ដែលអាចកាត់បន្ថយនូវពេលវេលាបានកាន់តែច្រើនថែមទៀត។
Article image
ក្រុមហ៊ុន Apple នៅមិនទាន់បានឈានដល់កិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់របស់ចិនក្នុងការគ្រប់គ្រងទៅលើមុខងារ chatbot ហើយវាអាចនឹងសហការជាមួយនឹងក្រុមហ៊ុន Baidu និង Alibaba។ គួរបញ្ជាក់ថា Apple Intelligence អាចនឹងដំណើរការបានតែភាសាអង់គ្លេសប៉ុណ្ណោះ សម្រាប់ភាសាជាច្រើនទៀតអាចនឹងដំណើរការនៅឆ្នាំក្រោយនេះ៕