
មានសេចក្តីរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេរបស់ប្រទេសចិន BYD បានលក់រថយន្តអគ្គិសនីរបស់ខ្លួនបានចំនួន 1,084 គ្រឿង ក្នុងទីផ្សារប្រទេសជប៉ុននៅឆមាសទី 1 ឆ្នាំនេះ ដែលធ្វើឲ្យ BYD គ្រប់គ្រងចំនែកទីផ្សារសរុបប្រមាណ 2.7% ក្នុងទីផ្សាររថយន្តអគ្គិសនីរបស់ជប៉ុន។
ស្ថាប័នក្រសួង Japan Automobile Importers Association (JAIA) បានបង្ហាញថា មានរថយន្តចំនួន 113,887 គ្រឿងបាននាំចូលក្នុងទីផ្សារជប៉ុននៅឆមាសទី 1 ឆ្នាំ 2024 នេះ ចំនួននេះ គឺមានការធ្លាក់ចុះប្រមាណ 7% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ។ យ៉ាងណាមិញសម្រាប់ការលក់រថយន្តប្រភេទ BEV ឬ Battery Electric Vehicle មានការកើនឡើងដោយបានកើនឡើងដល់ 9.5% នៃការលក់រថយន្តសរុប ដែលកើនពី 2% កាលពីឆ្នាំមុន ហើយសរុបចំនួនរថយន្ត BEV ដែលបានលក់ចេញ គឺ 10,785 គ្រឿង។ ហើយ BYD គឺបានគ្រប់គ្រងចំនួន 10% នៃចំនួនរថយន្តអគ្គិសនីដែលបាននាំចូលទៅកាន់ទីផ្សារប្រទេសជប៉ុន។

ការលក់រថយន្តអគ្គិសនីក្នុងប្រទេសជប៉ុនក្នុងអំឡុងពេលដូចគ្នា គឺមានចំនួន 29,282 គ្រឿង យោងតាមទិន្នន័យបឋមពីសមាគមអ្នកចែកចាយរថយន្ត សមាគមយានយន្ត និងម៉ូតូជប៉ុន និងសមាគមអ្នកនាំចូលរថយន្តជប៉ុន (JAIA) ដែលតួរលេខនេះ គឺបានធ្លាក់ចុះ 39% ពីមួយឆ្នាំទៅមួយឆ្នាំ។ ការធ្លាក់ចុះនោះ គឺភាគច្រើនដោយសារតែការធ្លាក់ចុះ 38% នៃការលក់រថយន្ត Nissan Sakura ដែលជារថយន្តខ្នាតតូចទ្វារ 5 ស្រដៀងនឹង Wuling Hongguang Mini EV ដែរ។ រថយន្តអគ្គិសនីធុនស្រាល ដូចជា Sakura លក់បានចំនួន 13,540 គ្រឿងនៃចំនួនលក់សរុប ដែលធ្វើឲ្យ Sakura គឺមានចំនួនស្មើនឹង 90% នៃការលក់រថយន្តដឹកអ្នកដំណើរធុនស្រាល។

តាមរបាយការណ៍ចំនួននៃការប្រើប្រាស់រថយន្តអគ្គិសនីក្នុងឆមាសទី 1 ឆ្នាំនេះ គឺមានប្រមាណ 1.6% នៃទីផ្សាររថយន្តដឹកអ្នកដំណើរក្នុងប្រទេសជប៉ុន ដែលមានការធ្លាក់ប្រមាណ 0.7% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ (YoY)។ ចំនែកទីផ្សារនាំចូលនៃរថយន្តប្រភេទ BEV គឺមានចំណែកទីផ្សារសរុបប្រមាណ 27% នៃទីផ្សាររថយន្ត BEV ក្នុងប្រទេសជប៉ុន។ ក្រុមហ៊ុន BYD បានចាប់ផ្តើមការលក់រថយន្តរបស់ខ្លួននៅប្រទេសជប៉ុនកាលពីថ្ងៃទី 31 ខែមករា ឆ្នាំ 2023 ហើយរថយន្ត BYD ដំបូងបានឈានជើងចូលទីផ្សារប្រទេសជប៉ុន គឺជាម៉ូដែល Atto 3 ដែលជារថយន្តអគ្គិសនីប្រភេទ SUV។ ក្រោយៗមកទៀត BYD បានណែនាំបង្ហាញរថយន្តម៉ូដែល Dolphin ជាប្រភេទរថយន្ត hatchback កាលពីខែកញ្ញាឆ្នាំ2023 និងម៉ូដែល BYD Seal ជាប្រភេទរថយន្ត sedan នៅក្នុងខែមិថុនា ក្នុងឆ្នាំ 2024 នេះ។

ហើយការលក់រថយន្តអគ្គិសនីរបស់ BYD នៅក្នុងប្រទេសជប៉ុនក្នុងឆមាសទីមួយឆ្នាំនេះបានកើនឡើង 88% ពីមួយឆ្នាំទៅមួយឆ្នាំ។ ការកើនឡើងនេះបានជួយ BYD បានធ្លាក់ពីលេខរៀងទី 19 មកលេខរៀងទី 14 នៅក្នុងចំណាត់ថ្នាក់នៃការលក់រថយន្តនាំចូលទៅកាន់ប្រទេសជប៉ុន។ ការលក់រថយន្តរបស់ BYD នៅក្នុងខែមិថុនាបានចំនួន 149 គ្រឿង កើនឡើង 60% ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយភាពជោគជ័យនេះ BYD មានគម្រោងពង្រីកហាងលក់រថយន្តរបស់ចំនួនឲ្យដល់ 90 នៅក្នុងប្រទេសជប៉ុននៅចុងឆ្នាំនេះ ពោល គឺកើនឡើងពីចំនួន 55 កន្លែងនាពេលបច្ចុប្បន្ននេះ។ BYD មានគោលបំណងវាយលុកទីផ្សាររថយន្តប្រទេសជប៉ុនជាមួយនឹងការលក់ឲ្យដល់គោលដៅចំនួន 30,000 គ្រឿងនៅត្រឹមឆ្នាំ 2025៕
