ស្វែងរកពួកយើង:

ស្ងាត់ៗ Suzuki ចេញឡាន SUV ថ្មីមានតម្លៃក្រោម 3 ម៉ឺនដុល្លារ តែមានកម្រិតសុវត្ថិភាពផ្កាយ 5

ដោយ

Koun Jab Luffy

13 កញ្ញា 2025 05:18 ល្ងាច

អាន 2 នាទី

Article image
នេះគឺជាឡាន SUV កម្រិត Flagship ថ្មីរបស់ Suzuki គឺម៉ូដែល Suzuki Victoris ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារប្រទេសឥណ្ឌា ហើយវាអាចមានតម្លៃក្រោមខ្ទង់ 3 ម៉ឺនដុល្លារឡើងទៅ។ ឡាន Suzuki Victoris ថ្មីនេះ ប្រើគ្រោងឆ្អឹង Heartect Platform និងម៉ាស៊ីន ដូចទៅនឹងម៉ូដែល Suzuki Grand Vitara ដែរ ប៉ុន្តែបានលេងការរចនាខុសគ្នា។ វាមានប្រវែងតួខ្លួន 4.36m ទទឹង 1.79m កម្ពស់ 1.65m និង គម្លាងពីកង់មុខទៅកង់ក្រោយ 2.60m។
Suzuki Victoris ផ្តល់ជម្រើសម៉ាស៊ីនជាច្រើន រួមទាំង Mild-Hybrid, Hybrid និង Bi-fuel ផងដែរ ប៉ុន្តែជម្រើសដែលល្អបំផុតនោះគឺ ម៉ាស៊ីន Hybrid ចំណុះ 1.5L ដំណើរការជាមួយម៉ូទ័រអគ្គិសនី 1 ដែលអាចបង្កើតកម្លាំងបានសរុប 114 HP និង កម្លាំងរមួល 141 NM ហើយប្រើប្រអប់លេខអូតូ 6 វគ្គ និង ប្រព័ន្ធបើកបរប៉ុង 2 ដ៏ល្បីឈ្មោះរបស់ Suzuki គឺ Allgrip Select AWD System។
Article image
បើនិយាយពីរូបរាងវិញ ឡាន Suzuki Victoris ថ្មី មានការឌីហ្សាញបែបទាន់សម័យ និងស្រស់ស្អាត ហើយបំពាក់ចង្កៀងមុខ LED និងប៉ាណាមុខរៀងស្លីម, យ៉ាន់កង់ទំហំ 17 អ៊ីញ និង ស្តុបក្រោយ LED រចនាបែបទ្រវែង ផងដែរ។
Article image
ចំណែកឯផ្នែកខាងក្នុងវិញ វាផ្តល់ឲ្យនូវ Option ទំនើបៗជាច្រើន ដោយក្នុងនោះរួមមាន ដូចជា អេក្រង់កម្សាន្ត Touchscreen ទំហំ 10.1 អ៊ីញ, កុងទ័រឌីជីថល, ដំបូលកញ្ចក់ធំ Panoramic Sunroof, ប្រព័ន្ធភ្លើងឌីម 64 ពណ៌, កៅអីមុខមានមុខងារខ្យល់ត្រជាក់, កន្លែងសាកថ្មទូរសព្ទឥតខ្សែ, ប្រព័ន្ធសំឡេង Harman Kardon, ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ ព្រមទាំង ប្រព័ន្ធជំនួយការបើកបរ ADAS កម្រិត 2 ទៀតផង៕
Article image