ស្វែងរកពួកយើង:

ស្ថាបនិករបស់ Nio បានបញ្ជាក់ថា Nio នឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តធំបំផុតទាំង 10 របស់ពិភពលោកនៅឆ្នាំ 2035

ដោយ

Koun Jab Luffy

25 ធ្នូ 2024 02:58 រសៀល

អាន 3 នាទី

Article image
ថ្មីៗនេះនៅក្នុងសន្និសិទសារព័ត៌មានមួយ លោក Villiam Li ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្ត Nio បានអះអាងថា ក្រុមហ៊ុនរបស់លោកនឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តធំបំផុតទាំង 10 របស់ពិភពលោកនៅចុងឆ្នាំ 2035។ លោកបានគូសបញ្ជាក់ថា ក្រុមហ៊ុនត្រូវតែខិតខំប្រឹងប្រែងទ្វេដងក្នុងការតាមឲ្យទាន់ “ដៃគូប្រជែងនៅក្នុងប្រទេសចិន”។
លោក William Li បានចែករំលែកទស្សនៈវិស័យរបស់គាត់ទាក់ទងនឹងការអភិវឌ្ឍន៍ឧស្សាហកម្មរថយន្តសកលក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយទៅកាន់បណ្តាញ IT Home។ នាយកប្រតិបត្តិ Nio រូបនេះបានរំពឹងថា យ៉ាងហោចណាស់ពាក់កណ្តាលនៃក្រុមហ៊ុនផលិតរថយន្តធំជាងគេលំដាប់កំពូលទាំង 10 នៅលើពិភពលោកក្នុងឆ្នាំ 2035 នឹងជាក្រុមហ៊ុនមានប្រភពកំណើតចេញពីប្រទេសចិន។ ក្នុងពេលជាមួយគ្នានេះ លោក Li បានគូសបញ្ជាក់ថា ក្រុមហ៊ុនរថយន្តមួយចំនួននឹងអាចរស់រានមានជីវិតបានសម្រាប់នាពេលអនាគត ត្រូវតែពិចារណាលើការអភិវឌ្ឍន៍នៃការចែកចាយសម្រាប់ឧស្សាហកម្មក្នុងតំបន់។ សូម្បីតែក្រុមហ៊ុនដែលមានការអភិវឌ្ឍល្អពីដើមក៏អាចត្រូវបានលុបបំបាត់នៅដំណាក់កាលក្រោយនេះដែរ។
Article image
លោក William Li បានបញ្ជាក់ដូច្នេះថា ក្រុមហ៊ុនរបស់លោកបានខិតខំប្រឹងប្រែងជាខ្លាំងដើម្បីសម្រេចបាននៅគោលដៅដ៏មហិច្ឆតាក្នុងការស្ថិតក្នុងបញ្ជីក្រុមហ៊ុនផលិតរថយន្តចិនកំពូលទាំង 10 នៅឆ្នាំ 2035។  សម្រាប់ពេលបច្ចុប្បន្ន BYD គឺជាម៉ាកយីហោរថយន្តអគ្គិសនីប្រទេសចិនដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក ក្រុមហ៊ុននេះ លក់រថយន្តសរុបបានជាង 3.74 លានគ្រឿង សម្រាប់រយៈពេល 11 ខែនៃឆ្នាំ 2024។ ហើយទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន BYD បច្ចុប្បន្នបានឈានដល់ 107.6 ពាន់លានដុល្លារអាមេរិក។ នៅឆ្នាំនេះ BYD លក់រថយន្ត បានច្រើនជាង SAIC Group ក្រុមហ៊ុនរថយន្តយក្សរបស់ចិន។ ក្រុមហ៊ុនផលិតរថយន្តប្រទេសចិនដែលស្ថិតក្នុងបញ្ចីក្រុមហ៊ុនលំដាប់កំពូលផ្សេងទៀត មានដូចជា FAW, GAC, Geely, BAIC និង Dongfeng។
Article image
ក្រុមហ៊ុន Nio បានលក់រថយន្តតិចជាង 200,000 គ្រឿងនៅទូទាំងពិភពលោកក្នុងរយៈពេល 11 ខែដំបូងនៃឆ្នាំ 2024។ ទ្រព្យសម្បត្តិរបស់ Nio បច្ចុប្បន្នមានចំនួន 9.46 ពាន់លានដុល្លារអាមេរិក។ ឆ្នាំនេះក្រុមហ៊ុនដែលមានអាយុ 10 ឆ្នាំរបស់ប្រទេសចិនមួយនេះ មានគោលដៅលក់បាន 23 ម៉ឺនគ្រឿង។ នៅឆ្នាំក្រោយគឺ Nio នឹងឈានជើងចូលទៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនីពេញលិញជាមួយនឹងម៉ាកយីហោរថយន្តថ្មីរបស់ខ្លួនដែលទើបបង្កើតឡើងដែលមានឈ្មោះថា Firefly EV។ Nio ក៏នឹងពង្រីកខ្សែស្រឡាយរថយន្តម៉ាក Onvo ពីកម្រិតមធ្យមទៅកម្រិតខ្ពស់ផងដែរ។ គម្រោងទាំងពីរនេះអាចនាំទៅរកការជំរុញបរិមាណការលក់របស់ខ្លួនកើនឡើងសម្រាប់ឆ្នាំ 2025 ខាងមុខនេះ៕
ស្ថាបនិករបស់ Nio បានបញ្ជាក់ថា Nio នឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តធំបំផុតទាំង 10 របស់ពិភពលោកនៅឆ្នាំ 2035