
ក្រុមហ៊ុន Samsung ត្រូវបានគេមើលឃើញថា តែងតែមានការប្រកាសចេញនូវស្មាតវ៉ចថ្មីរបស់ខ្លួននៅក្នុងឆមាសទី 2 ជារៀងរាលឆ្នាំ។ កាលពីដើមខែនេះ ក៏មានសេចក្តីរាយការណ៌ជាច្រើន បាននិយាយថា ព្រឹត្តិការណ៍ Galaxy Unpacked ដែលនឹងមានការបង្ហាញផលិតផលថ្មីនោះ នឹងធ្វើឡើងនៅក្នុងខែកក្កដាឆ្នាំ 2024 នេះ ដែលឆ្នាំនេះ គឺនឹងមានរយៈពេលលឿនជាងកាលបរិច្ឆេទធម្មតានៃព្រឹត្តិការណ៍សម្ពោធផលិតផលថ្មីនេះ។ ជាមួយគ្នានេះ ក្រុមហ៊ុន Samsung ក៏កំពុងតែធ្វើការផ្លាស់ប្តូរទាំងស្រុងទៅលើស្មាតវ៉ច Galaxy Watch ផងដែរ។
ក្រុមហ៊ុន Samsung នឹងមានការបញ្ចេញនូវស្មាតវ៉ច Galaxy Watch 7 ចំនួន 3 ម៉ូដែល ប៉ុន្តែយើងនៅមិនទាន់បានដឹងអំពីឈ្មោះរបស់ផលិតផលថ្មីនេះនៅឡើយទេ។ ក្រុមហ៊ុន Samsung ក៏បានធ្វើការ upgrade ទៅលើ Storage សម្រាប់ស្មាតវ៉ចនេះ ដែលមានការបង្កើនពីទំហំ 16GB នៅលើ Galaxy Watch 6 ទៅកាន់ទំហំ 32GB នៅលើស្មាតវ៉ចGalaxy Watch 7។ សម្រាប់ទំហំនេះ គឺល្អសម្រាប់រក្សាទុកនូវតន្រ្តី និងការតម្លើងនូវ Apps ជាច្រើនទៀតផង។

ក្រុមហ៊ុន Samsung ក៏បានធ្វើការផ្លាស់ប្តូរទៅលើលេខកូដសម្រាប់ស្មាតវ៉ច Galaxy Watch 7 នេះផងដែរ។ សម្រាប់ផលិត ផលថ្មីនេះ នឹងមានលេខគូដ SM-L300, SM-L305, SM-L310, SM-L315, SM-L700 និង SM-L705។ សម្រាប់លេខកូដដែលមានភ្ជាប់មកជាមួយនឹងលេខ 5 នេះ គឺជាប្រភេទ cellular connectivity និង eSIM ។ ទាក់ទងនឹងរបាយការណ៍នេះដែរ មុននេះ ក៏មានការនិយាយថា ស្មាតវ៉ច Galaxy Watch 7 នឹងប្រើប្រាស់នូវបន្ទះឈីប 3nm ដំបូងបំផុតរបស់ក្រុមហ៊ុន Samsung។ បន្ទះឈីបនេះ នឹងមានប្រសិទ្ធិភាពនៃការប្រើប្រាស់ថាមពលថ្មល្អជាងស្មាតវ៉ច Galaxy Watch 6 ដល់ទៅ 50%។ ស្មាតវ៉ចថ្មីនេះ នឹងដំណើរការនូវ Wear OS និង One UI Watch ផងដែរ៕
