
កាលពីដើមសប្តាហ៍កន្លងមកនេះ យោងតាមរបាយការណ៍មួយ បានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S24 FE ថ្មីរបស់ក្រុមហ៊ុន Samsung នឹងមានតម្លៃខ្ពស់ជាងស្មាតហ្វូន Galaxy S23 FE ដែលបានបង្ហាញខ្លួនកាលពីឆ្នាំមុន។ បើតាមការទម្លាយពីលោក Arsene Lupin ដែលជាប្រភពអាចជឿជាក់បាន នៅថ្ងៃនេះ គឺបានចែករំលែកតម្លៃរបស់ស្មាតហ្វូនជំនាន់ថ្មីនេះហើយ ។
លោក Lupin បានបង្ហោះនៅលើវេទិកា X ដែលនិយាយថា ស្មាតហ្វូន Galaxy S24 FE នឹងមានតម្លៃ 749 យូរ៉ូសម្រាប់ទំហំ 128GB និងតម្លៃ 809 យូរ៉ូ សម្រាប់ទំហំ 256GB នៅលើទីផផ្សារអ៊ឹរ៉ុប។ បើមើលទៅលើតម្លៃរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S24 FE គឺពិតជាមានតម្លៃខ្ពស់ខ្លាំងជាងស្មាតហ្វូនជំនាន់មុនរបស់ខ្លួន។ អ្នកទម្លាយនេះ បានបញ្ជាក់បន្ថែមថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានជម្រើសពណ៌ Graphite, Mint, ពណ៌លឿង និងពណ៌ខៀវ។

ស្មាតហ្វូន Galaxy S24 FE ដែលបង្ហាញវត្តមាននៅឆ្នាំនេះ គឺមានអេក្រង់ទំហំ 6.7-អ៊ីង បើប្រៀបធៀបជាមួយនិងស្មាតហ្វូនជំនាន់មុន Galaxy S23 FE គឺមានអេក្រង់ត្រឹមតែទំហំ 6.4-អ៊ីងប៉ុណ្ណោះ ។ ទំហំនេះ គឺជាអេក្រង់ធំបំផុតដែលមិនធ្លាប់មាននៅលើស្មាតហ្វូន Galaxy Fan Edition នោះទេ ទំហំអេក្រង់នេះ គឺជិតប៉ុនទៅនឹងស្មាតហ្វូន Flagship ម៉ូដែល Galaxy S24 Ultra ផងដែរ។
ស្មាតហ្វូនជំនាន់ថ្មី Galaxy S24 FE ថ្មីនេះ នឹងមានបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Gen 3 ឬ Exynos 2400 ដែលមានការប្រើប្រាស់នៅលើស្មាតហ្វូន Galaxy Galaxy S24 កន្លងមកអញ្ចឹងដែរ។ បន្ទះឈីប Exynos ដែលមាននៅលើស្មាតហ្វូន Galaxy S24 FE នឹងមានល្បឿនទាបជាងបន្ទះឈីបនៅលើស្មាតហ្វូន Galaxy S24 Series។

ស្មាតហ្វូនថ្មីនេះ នឹងមានលក់នៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ី។ គួរបញ្ជាក់ថា ការបែកធ្លាយជាច្រើនមុននេះ បានបញ្ជាក់ថា កាមេរ៉ារបស់ស្មាតហ្វូននេះ គឺដូចទៅនឹងបន្ទះឈីប Galaxy S23 FE អញ្ចឹង។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាទំហំ 50MP ជាមួយនឹង OIS, 8MP telephoto 12 MP ultrawide lens និង 10MP សម្រាប់ថតរូបភាព selfies ៕
