
ក្រុមហ៊ុន Apple ត្រូវគេរាយការណ៍ថា បានត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាតហ្វូនម៉ូដែលថ្មីនៅក្នុងត្រកូលស្មាតហ្វូន iPhone របស់ខ្លួន iPhone 17 Air ហើយ ដែលម៉ូដែលថ្មីនេះ អាចនឹងមកជំនួសម៉ូដែល Plus ដែលក្រុមហ៊ុនដាក់លក់នាពេលកន្លងមក។ បើតាមការបញ្ជាក់ចេញពីខ្សែសង្វាក់ផ្គត់ផ្គង់អោយដឹងថា នៅស្មាតហ្វូន iPhone 17 Air បានចូលក្នុងដំណាក់កាលនៃការផលិត Product Introduction (NPI) នៅក្នុងរោងចក្រ Foxcoon ។
ការចូលផលិតរបស់ស្មាតហ្វូន iPhone 17 Air នៅក្នុងដំណាក់កាល NPI នេះ គឺជាការចាប់ផ្តើមមុនការផលិតទ្រង់ទ្រាយធំទៅលើស្មាតហ្វូននេះហើយ។ សម្រាប់ដំណាក់កាលដំបូងនេះ គឺមានការចូលរួមពីក្រុមហ៊ុន Apple និងក្រុមហ៊ុនផ្គត់ផ្គង់ជាច្រើនទៀតដែលផ្តោតទៅលើការឌីស្សាញ និងវិធីសាស្រ្តនៅក្នុងការផលិត។ NPI គឺជាដំណាក់កាលដ៏សំខាន់មួយដែលធ្វើការផ្លាស់ប្តូរពីគំនិតទៅជាការផលិតចាប់ផ្តើមពីការផ្ទៀងផ្ទាត់ទៅលើការឌីស្សាញ ការតេស្តទៅលើគំរូ prototype និងគុណភាពនៃការផលិតផងដែរ។ ដំណើរការនេះ គឺមានការទាមទារនូវការផលិត និងតេស្តជាច្រើនដើម្បីអាចផលិតអោយបានទ្រង់ទ្រាយធំទៅតាមផែនការដែលបានកំណត់ទុក។
គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន iPhone 17 Air នេះ នឹងមានការឌីស្សាញកាន់តែស្លីមជាងស្មាតហ្វូនជំនាន់មុនៗ។ យោងតាមរបាយការណ៍ជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានកម្រាស់ស្តើងជាងមុនដល់ទៅ 2mm បើធៀបជាមួយនឹង iPhone 16 Pro ដែលចេញមុននេះ។ ស្មាតហ្វូននេះ ត្រូវបានគេព្យាករណ៌ថា គឺនឹងមានទំហំនៅចន្លោះស្មាតហ្វូន iPhone 17 Pro និង17 Pro Max ដែលមានទំហំអេក្រង់នៅចន្លោះ 6.55 អ៊ីង ទៅ 6.65 អ៊ីង។
ការផ្លាស់ប្តូរដែលគួរអោយកត់សម្គាល់នៅលើស្មាតហ្វូននេះ គឺទៅលើបន្ទះឈីប 5G modem របស់ក្រុមហ៊ុន Apple ដែលមានទំហំតូចជាងមុន និងភ្ជាប់ជាមួយនឹងសមាសភាគជាច្រើនទៀតរបស់ក្រុមហ៊ុន apple ដើម្បីសន្សំទំហំក្នុងម៉ាស៊ីន និងបង្កើនថាមពលថ្មអោយប្រើប្រាស់បានយូរថែមទៀត។ បន្ថែមពីនេះទៀត ស្មាតហ្វូននេះ អាចនឹងមានការផ្លាស់ប្តូរទៅលើការឌីស្សាញកាមេរ៉ាផងដែរនៅខាងក្រោយ។ សម្រាប់ឆ្នាំក្រោយនេះ Apple នឹងមានវត្តមានរបស់ស្មាតហ្វូន iPhone 17, iPhone 17 Pro, iPhone 17 Pro Max និង iPhone 17 Air ដែលជំនួសវត្តមានរបស់ iPhone Plus ៕
