
កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Huawei បានធ្វើអោយពិភពលោកមានការភ្ញាក់ផ្អើលតាមរយៈការប្រកាសចេញស្មាតហ្វូន Mate XT ដែលជាស្មាតហ្វូនបត់បាន 3 តង់ដំបូងបំផុតរបស់ពិភពលោក។ មានរបាយការណ៍ជាច្រើនដែលបញ្ជាក់ថា ក្រុមហ៊ុននេះ ក៏ធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីមួយទៀតនៅក្នុងឆ្នាំនេះផងដែរ។ ការបែកធ្លាយមួយចេញពី Super Dimension ក៏បានទម្លាយអំពីស្មាតហ្វូនបត់បាន 3 តង់ជំនាន់ទី 2 របស់ក្រុមហ៊ុន Huawei ដែលនឹងបង្ហាញខ្លួននៅឆ្នាំនេះផងដែរ។
មកដល់ពេលនេះ មានរបាយការណ៍ជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូនបត់បាន 3 តង់ជំនាន់ថ្មីរបស់ក្រុមហ៊ុន Huawei អាចនឹងមានឈ្មោះហៅថា Huawei Mate XTs ប៉ុន្តែបើតាអអ្នកទម្លាយមួយរូបដែលមានឈ្មោះថា Extraordinary Master បានអះអាងថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ទី 2 នេះ នឹងមានឈ្មោះហៅថា Huawei Mate XT 2។ ហើយសម្រាប់ទីផ្សារសកល ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងងមានឈ្មោះហៅថា Huawei Mate XT 2 Ultimate Design។

ដូចអ្វីដែលបានឃើញនៅក្នុងការបង្ហោះនៅលើ Weibo អញ្ចឹង! អ្នកទម្លាយរូបនេះ បានអះអាងថា ស្មាតហ្វូនអេក្រង់បត់បាន Huawei Mate XT 2 និង Mate X7 នឹងបង្ហាញខ្លួននៅក្នុងឆមាសទី 2 ឆ្នាំនេះហើយ ដោយគាត់បានបន្ថែមថា ស្មាតហ្វូនទាំងនេះ នឹងបំពាក់នូវបន្ទះឈីបថ្មី កាមេរ៉ាថ្មី និងថាមពលថ្មថ្មីទៀតផង។ នៅឆ្នាំក្រោយនេះ ក្រុមហ៊ុន Huawei ក៏នឹងប្រកាសចេញនូវថេប្លេតដែលអាចបត់បានផងដែរ។

តាមការបញ្ជាក់របស់របាយការណ៍ទាំងនេះបានអោយដឹងថា ស្មាតហ្វូន Huawei Mate XT 2 នឹងមានអេក្រង់បត់បាន 3 តង់ទំហំ 10.2-អ៊ីង ដូចទៅនឹងម៉ូដែលជំនាន់មុននេះផងដែរ។ សម្រាប់ម៉ូដែលនេះ អាចនឹងប្រើប្រាស់នូវត្រចៀកបត់ “Tian Gong” hinge ដែលមានភាពធន់ជាងមុនក្នុងការប្រើប្រាស់។ ស្មាតហ្វូន Mate XT 2 នេះ នឹងប្រើប្រាស់នូវបន្ទះឈីប Kirin 9020 ជាមួយស្ថាបត្យកម្ម 1+3+4 CPU ល្បឿន 2.5GHz prime Taishan core, 3x 2.15GHz middle cores និង 4x 1.6GHz cores។ ស្មាតហ្វូននេះ ប្រើប្រាស់នូវក្រាហ្វិកកាត Maleoon 920 GPU ដែលមានល្បឿន 840MHz។ បន្ថែមពីនេះទៀតនោះ Mate XT 2 នឹងប្រើប្រាស់នូវ eSIM ផងដែរ៕
