
ស្មាតហ្វូនអេក្រង់បត់ជំនាន់ទីពីររបស់ Tecno គឺ Tecno Phantom V Fold 2 5G បានឆ្លងកាត់វិញ្ញាណបនបត្ររបស់ស្ថាប័ន EEC និង Bluetooth SIG រួចរាល់ហើយ។ ហើយនៅពេលនេះស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះ ក៏បានបង្ហាញវត្តមាននៅលើបញ្ចីវិញ្ញាណបនបត្ររបស់ស្ថាប័នពីរបន្ថែមទៀត គឺ Google Play Console និង TUV Rheinland ជាមួយនឹងការបង្ហាញនូវលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូនបត់អេក្រង់ជំនាន់ថ្មីនេះថែមផងដែរ។
នៅលើបញ្ចីនៃគេហទំព័រ Google Play Console និង TUV Rheinland បានបង្ហាញថា Tecno Phantom V Fold 2 5G មានលេខកូដម៉ូដែល AE10។ នៅលើបញ្ចីរបស់ស្ថាប័នដដែលបានបង្ហាញទៀតថា ស្មាតហ្វូនអេក្រង់បត់នេះ គឺប្រើប្រាស់បន្ទះ Motherboard ស៊េរី MediaTek MT6983Z/TCZA ជាមួយនឹងអង្គគណនានៃបន្ទះឈីប Quad-core ល្បឿន 1.8GHz + Triple-core ល្បឿន 2.85GHz + Dual-core ល្បឿន 3.2GHz រួមជាមួយអង្គក្រាហ្វិចស៊េរី Mali-G710។

បើតាមការបង្ហាញនៅលើបញ្ចីរបស់ Geekbench កាលពីដើមឆ្នាំ អង្គគណនានេះ គឺជាបន្ទះឈីប MediaTek Dimensity 9000+។ Geekbench បានបង្ហាញថាសម្រាប់អង្គគណនា Single-Core នៃបន្ទះឈីបនេះទទួលបានពិន្ទុសរុប1,273 និងអង្គគណនា Multi-core ទទួលបានពិន្ទុ 3,844។
នៅលើបញ្ចីក៏បានបញ្ជាក់ផងដែរថា Tecno Phantom V Fold 2 5G គឺមានរ៉េមទំហំ 12GB ប៉ុន្តែមានការរំពឹងថា Tecno អាចនឹងផ្តល់នូវជម្រើសរ៉េមដែលមានទំហំធំជាងនេះនៅថ្ងៃប្រកាសចេញ។ បន្ថែមពីនេះក៏មានការបង្ហាញថា ស្មាតហ្វូនអេក្រង់បត់នេះប្រើប្រាស់បន្ទះអេក្រង់ដែលមានមានគុណភាពបង្ហាញ 2,000 x 2,296px ជាមួយកម្រិតភាពច្បាស់ 480dpi។

ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះ គឺនឹងដំឡើងមកជាមួយប្រតិបត្តិការ Android 14 ចេញពីប្រអប់ស្រាប់តែម្តងនៅថ្ងៃប្រកាសចេញ។ នៅលើបញ្ចីរបស់ TUV Rheinland បានបង្ហាញថា Phantom V Fold 2 5G ប្រើប្រាស់ថ្មីចំនួនពីរកូនដែលមានទំហំ 2,973mAh និង 2,637mAh ដែលសរុបចូលគ្នា គឺមានទំហំ 5,610mAh។ មានការរំពឹងថា Tecno នឹងធ្វើការប្រកាសចេញស្មាតហ្វូនអេក្រង់ជំនាន់ថ្មីជំនាន់ទីពីររស់ខ្លួននៅប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ៕
