
ក្រុមហ៊ុន Samsung នឹងបង្ហាញនូវស្មាតហ្វូន Flagship ជំនាន់ថ្មីរបស់ខ្លួននោះគឺ Galaxy S25 series ឆាប់ៗនេះហើយ។ ស្មាតហ្វូននេះ នឹងមានការកែប្រែខុសគ្នាតិចតួចប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងស្មាតហ្វូន Galaxy S ដែលបង្ហាញខ្លួននៅក្នុងពេលប៉ុន្មានឆ្នាំនេះ។ ខុសប្លែកពីស្មាតហ្វូន 3 ម៉ូដែល ដែលតែងតែបង្ហាញខ្លួនកន្លងមក អាចនឹងមានវត្តមានស្មាតហ្វូនទី 4 ទៀតនោះគឺ Galaxy S25 Slim។
យោងតាមរបាយការណ៍មួយកាលពីសប្តាហ៍មុននេះ បានទម្លាយថា ក្រុមហ៊ុន Samsung ប្រហែលជាមិនទាន់មានការប្រកាសចេញស្មាតហ្វូនថ្មីនេះនៅក្នុងទីផ្សាររបស់អាមេរិកនោះទេ។ នៅថ្ងៃនេះ មានការបែកធ្លាយថ្មីមួយទៀតបានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ ប្រហែលជាមិនទាន់ប្រកាសលក់ស្មាតហ្វូននេះនៅក្នុងប្រទេសច្រើននោះទេ។ តាមការបញ្ជាក់របស់ Phone Arena បានអោយដឹងថា ក្រុមហ៊ុន Samsung នឹងបង្ហាញស្មាតហ្វូន Galaxy S25 Slim នៅក្នុងប្រទេសចំនួន 39 ប៉ុណ្នោះសម្រាប់ទីផ្សារសកល។

ទីផ្សារប្រទេសទាំងនោះរួមមានដូចជា ប្រទេសអាហ្វហ្គានីស្ថាន, ប្រទេសអូស្ត្រាលី, ប្រទេសអូទ្រីស, ប្រទេសប្រេស៊ីល, ប្រទេសកូកាស៊ីស, ប្រទេសក្រូអាត, ប្រទេសអេហ្ស៊ីប, ប្រទេសបារាំង, ប្រទេសឥណ្ឌា, ប្រទេសអ៊ីរ៉ាក់, ប្រទេសអៀរឡង់, ប្រទេសអ៊ីស្រាអែល, ប្រទេសកាហ្សាក់ស្ថាន, ប្រទេសកេនយ៉ា, ប្រទេសលីប៊ី, ប្រទេសម៉ាឡេស៊ី, ប្រទេសម៉ិកស៊ិក, ប្រទេសម៉ារ៉ុក, ប្រទេសនីហ្សេរីយ៉ា, ប្រទេសប៉ាគីស្ថាន, ប្រទេសហ្វីលីពីន, ប្រទេសប៉ូឡូញ, ប្រទេសព័រទុយហ្គាល់, ប្រទេសរុស្សី, ប្រទេសអារ៉ាប៊ីសាអូឌីត, ប្រទេសសេណេហ្គាល់, ប្រទេសស៊ែប៊ី/ម៉ុងតេណេហ្គ្រោ, ប្រទេសសិង្ហបុរី, ប្រទេសស្លូវេនី, ប្រទេសអាហ្វ្រិកខាងត្បូង, ប្រទេសស្រីលង្កា, ប្រទេសស្វីស, ប្រទេសថៃ, ប្រទេសទុយនីស៊ី, ប្រទេសតួកគី, ប្រទេសអារ៉ាប់រួម , ចក្រភពអង់គ្លេស, ប្រទេសអ៊ូសបេគីស្ថាន និង ប្រទេសវៀតណាម។

នៅក្នុងបញ្ជីនេះ មិនទាន់រាប់បញ្ចូលសម្រាប់ទីផ្សារនៅក្នុងសហរដ្ឋអាមេរិកនោះទេ រួមជាមួយនឹងទីផ្សារប្រទេសជាច្រើនទៀតដែលជាធម្មតាក្រុមហ៊ុននេះ តែងតែបង្ហាញស្មាតហ្វូន high-end នៅទីនោះ។ បន្ថែមពីនេះ ការបែកធ្លាយជាច្រើនបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះប្រហែលជាមិនទាន់ប្រកាសបង្ហាញស្មាតហ្វូន Galaxy S25 Slim នៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked ខាងមុខនេះទេ។ ក្រុមហ៊ុននេះ អាចនឹងបង្ហាញស្មាតហ្វូននេះនៅក្នុងខែឧសភា ឬមិថុនាឆ្នាំនេះ៕
