
ថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានចេញមកបញ្ជាក់ថា ខ្លួននឹងមានការរៀបចំនូវព្រឹត្តិការណ៌ថ្មីមួយនៅថ្ងៃទី 2 ខែមីនាខាងមុខនេះ ដើម្បីប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Xiaomi 15 series នៅលើទីផ្សារសកល។ ខណៈដែលក្រុមហ៊ុននេះបានត្រៀមខ្លួនសម្រាប់ម៉ូដែល Xiaomi 15 series នោះ នៅពេលនេះ មានពាក្យចចាមអារ៉ាមចាប់ផ្តើមចែកចាយព័ត៌មានថ្មីរបស់ស្មាតហ្វូនជំនាន់បន្ទាប់ Xiaomi 16 series ថែមទៀតហើយ។ បើតាមការទម្លាយចេញពី Digital Chat Station ថ្មីៗនេះ គឺបាននិយាយពីអេក្រង់ម៉ូដែល Xiaomi 16 Pro រួមជាមួយនិងលក្ខណៈសម្បត្តិមួយចំនួនផងដែរ។
បើតាមការចែកចាយខាងលើនេះ អ្នកទម្លាយរូបនេះ នៅមិនទាន់មានការបញ្ជាក់នូវឈ្មោះស្មាតហ្វូននេះនៅឡើយទេ ប៉ុន្តែអ្នកតាមដាននានាបានដឹងរួចមកហើយថា ស្មាតហ្វូនថ្មីនេះ ទំនងជាម៉ូដែល Xiaomi 16 Pro។ ផ្អែកតាមការបែកធ្លាយនេះ បានអោយដឹងថា Xiaomi 16 Pro នឹងមានការប្រើប្រាស់នូវអេក្រង់រាបស្មើរ ហើយនិងមានគែមជុំវិញតូចស្តើងបំផុត។ អេក្រង់នេះ គឺនឹងមានទំហំ 6.85-អ៊ីង LTPO OLED ដែលជាប្រភេទអេក្រង់រាបស្មើរកម្រិត 2K resolution និងមានល្បឿន 120Hz refresh rate។

អ្នកទម្លាយរូបនេះបន្តថា អេក្រង់នេះ នឹងមានការចាក់បញ្ចូលគ្នាជាមួយបច្ចេកវិទ្យា LIPO technology ដែលមានការបន្ស៊ីគ្នាជាមួយនិងតួបានយ៉ាងប្រណិត និងមានគែមអេក្រង់តូចស្តើងជាងគែមអេក្រង់របស់ iPhone 16 Pro ដែលទើបតែបង្ហាញថ្មីៗនេះមានគែមចំហៀងទំហំ 1.44mm និងគែមខាងក្រោមទំហំ 1.41mm។ សូមជំរាបថា កន្លងមក ក្រុមហ៊ុននេះក៏ធ្លាប់បាននិយាយថា ខ្លួននឹងមានការប្រើប្រាស់នូវអេក្រង់នេះទៅលើម៉ូដែល Pro និងម៉ូដែល Ultra ផងដែរ។

ប្រភពខាងលើនេះ បន្តថា Xiaomi 16 Ultra ទំនងជានឹងមានអេក្រង់ទំហំ 6.85-អ៊ីង ខណៈដែលម៉ូដែល Xiaomi 16 Pro អាចនឹងមានអេក្រង់ទំហំ 6.85-អ៊ីង។ ជាមួយគ្នានេះ DCS ក៏ធ្លាប់បាននិយាយថា ការឌីស្សាញរូបរាងស្មាតហ្វូននេះ នឹងមានការប្រើប្រាស់អេក្រង់កោង។ ថ្មីៗនេះមានការទម្លាយថា ស្មាតហ្វូន OPPO Find X9 series គឺនឹងមាន 4 ម៉ូដែល ហើយនឹងមានអេក្រង់រាបស្មើរ ដូច្នេះសម្រាប់ Xiaomi 16 Ultra ក៏មអាចនឹងមានអេក្រង់ដូចគ្នានេះដែរ។ Xiaomi 16 Pro អាចនឹងប្រើឈីប Snapdragon 8 Elite 2 ដែលបង្ហាញខ្លួននៅខែតុលា។ ហើយស្មាតហ្វូនេះ ក៏អាចនឹងមានវត្តមាននៅក្នុងពេលជាមួយគ្នានេះដែរ។
