ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់ថ្មី Galaxy Z Fold8 និង Galaxy Z Fold Wide ត្រូវបានគេទម្លាយលក្ខណៈសម្បត្តិជាថ្មី!

ដោយ

ជុំ ប៉េងលីន

19 ឧសភា 2026 08:34 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួននៅថ្ងៃទី 22 ខែកក្កដាខាងមុខនេះហើយនេះបើតាមការបែកធ្លាយថ្មីៗនេះ។ នៅមុនការដាក់សម្ពោធចូលមកដល់ នៅថ្ងៃនេះ មានការទម្លាយចេញនូវព័ត៌មានថ្មីៗរបស់ស្មាតហ្វូនអេក្រង់បត់បាន Samsung Galaxy Z Fold8 និង Samsung Galaxy Z Fold Wide នៅលើអនឡាញថែមទៀតហើយ។ 

នៅក្នុងរបាយការណ៌ថ្មីនេះ មានការបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាន Samsung Galaxy Z Fold8 ថ្មីនេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite Gen 5 ហើយនឹងមានទម្ងន់ 210g និងមានកម្រាស់ត្រឹមតែ 4.1mm ប៉ុណ្ណោះ នៅពេលដែលលាតអេក្រង់់ពេញ។ របាយការណ៌ដដែលនេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនៃ Samsung Galaxy Z Fold7 ក៏នឹងមានការប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 200MP ខណៈដែលកាមេរ៉ា Ultrawide មានការអាប់ដែតទំហំ 50MP។

ទៅលើកាមេរ៉ា Selfie វិញ នៅលើ Samsung Galaxy Z Fold8 ថ្មីនេះ នឹងមិនមានការផ្លាស់ប្តូរនោះទេ គឺបន្តប្រើប្រាស់ទំហំ 10MP ហើយនឹងមានថ្មទំហំ 5,000mAh នេះបើតាមការបញ្ជាក់ពីខែមីនាកន្លងទៅ។ បន្ថែមពីនេះ ស្មាតហ្វូនអេក្រង់បត់បាននេះ ក៏នឹងមានការគាំទ្រនូវកម្លាំងសាកល្បឿនលឿន 45W wired charging ផងដែរ។

Article image
ក្រឡេកមក Samsung Galaxy Z Fold Wide ត្រូវបានគេទម្លាយថា នឹងមានអេក្រង់ខាងក្នុងទំហំ 7.6 អ៊ីង នៅលើខ្នាត 4:3 aspect ratio។ ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាក្រោយចំនួន 2 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 50MP ជា ultrawide lens។ កន្លងមកមានបង្ហើបថា ស្មាតហ្វូននេះ នឹងមានថ្មទំហំ 4,800mAh គាំទ្រកម្លាំងសាក 45W wired charging និងមានទម្ងន់ 200g។