
យោងតាមការទម្លាយព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុន Samsung បានត្រៀមបង្កើននូវចំនួនស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួនកាន់តែច្រើនថែមទៀតហើយសម្រាប់បំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់។ ប្រភពខាងលើនេះបន្តថា សម្រាប់វត្តមានរបស់ស្មាតហ្វូនអេក្រង់បាន Galaxy Z Fold 7 ដែលនឹងបង្ហាញខ្លួននៅលើទីផ្សារនាឆ្នាំក្រោយនេះ គឺនឹងមានចំនួន 2 ម៉ូដែលនៅក្នុងនោះក៏អាចនឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បាន 3 តង់របស់ខ្លួនផងដែរ។
សូមជំរាបថា ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ ក៏ទើបតែបានប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានម៉ូដែល Galaxy Z Fold Special Edition នៅលើទីផ្សារប្រទេសកូរ៉េខាងត្បូងផងដែរ។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ ត្រូវបានគេមើលឃើញថា គឺមានអេក្រង់ធំជាង Galaxy Z Fold 6 និងមានកាមេរ៉ាគោលទំហំដល់ទៅ 200MP ប៉ុន្តែមិនមានការទ្រទ្រង់ជាមួយនិង ប៊ិក S Pen នោះទេ។

យោងតាមរបាយការណ៌ចេញពី Galaxy Club នៅពេលនេះ បានបង្ហាញថា ក្រុមហ៊ុន Samsung គឺបាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនអេក្រង់បត់បានរបស់ខ្លួនចំនួន 2 ម៉ូដែលសម្រាប់ត្រកូល Galaxy Z Fold 7 ដោយស្មាតហ្វូនថ្មីនេះ មានលេខម៉ូដែល “Q7” and “Q7M.” ។ បើតាមការបញ្ជាក់នៅក្នុងប្រភពខាងលើនេះ បាននិយាយថា ម៉ូដែល The Q7M ត្រូវបានគេសង្ស័យថា គឺជាម៉ូដែលថ្មី មានអេក្រង់បត់ 3 តង់។ ស្របពេលជាមួយគ្នានេះ ក៏មានពាក្យចចាមអារ៉ាមពីប្រទេសកូរ៉េខាងត្បូងថា នៅពេលនេះ ក្រុមហ៊ុន Samsung កំពុងធ្វើតេស្តទៅលើស្មាតហ្វូនអេក្រង់បត់ 3 តង់ ដែកមានការប្រើប្រាស់នូវគន្លឹះភ្ជាប់ចំនួន 2 នេះហើយ។
ទាក់ទងនឹងព័ត៌មាននេះ គេនៅមិនទាន់ច្បាស់ទេថា លេខម៉ូដែល Q7M នេះ គឺជាម៉ូដែលថ្មី ដែលគេឌីស្សាញសម្រាប់ស្មាតហ្វូនអេក្រង់បត់ 3 តង់នៅឡើយទេ ដោយសារតែអ្វីៗកំពុងតែអភិវឌ្ឍនៅឡើយ ហើយថែមទាំងមានលេខម៉ួដែលផ្សេងៗគ្នាផងដែរ។ បើតាមការបញ្ជាក់កន្លងមក បាននិយាយថា ក្រុមហ៊ុន Samsung គឺមានគម្រោងបង្ហាញចេញនូវស្មាតហ្វូនអេក្រង់បត់បាន 3 តង់របស់ខ្លួននៅឆ្នាំក្រោយនេះហើយ។

ជាមួយនិងវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់ 3 តង់ថ្មីនេះ គឺនឹងកា្លយជាគូរប្រជែងថ្មីសម្រាប់ក្រុមហ៊ុន Huawei ដែលទើបតែប្រកាសចេញនូវ Huawei Mate XT Ultimate ដែលជាម៉ូដែលថ្មីមួយមានអេក្រង់បត់បាន 3 តង់របស់ខ្លួន ហើយនិងបានដាក់លក់នៅលើទីផ្សារប្រទេសចិនហើយផងដែរ។
