
នៅពេលនេះ ក្រុមហ៊ុន Huawei បានក្លាយជាផ្ទាំងស៊ីបសារជាថ្មីរបស់អ្នកតាមដានព័ត៌មានជាច្រើននៅជុំវិញពិភពលោក បន្ទាប់ពីការបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីៗដែលមានបច្ចេកវិទ្យា 5G និងបន្ទះឈីប Kirin។ បើយោងតាមរបាយការណ៌ថ្មីបាននិយាយថា ស្មាតហ្វូនអេក្រង់បត់បាន Huawei បានឡើងមកនាំមុខគេនៅលើទីផ្សារប្រទេសចិននៅត្រីមាសទី 2 ឆ្នាំ 2024 នេះ។ ក្រុមហ៊ុន CINNO research ដែលជាអ្នកសិក្សាស្រាវជ្រាវទីផ្សារ បានបញ្ចេញនូវរបាយការណ៌ថ្មីសម្រាប់ត្រីមាសទី 2 របស់ខ្លួនហើយ។
នៅក្នុងរបាយការណ៌ថ្មីនេះ បង្ហាញថា ស្មាតហ្វូនអេក្រង់បត់បាន Huawei នាំមុខគេនៅលើទីផ្សារប្រទេសចិននៅត្រីមាសទី 2 កន្លងទៅនេះ ដោយក្រុមហ៊ុននេះមានពិន្ទុខ្ពស់ជាងក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនទៀត ដូចជា ក្រុមហ៊ូន OPPO, vivo និងក្រុមហ៊ុន Samsung ជាដើម។ ក្រុមហ៊ុន Huawei មានចំណែកទីផ្សារ 35.2% ដែលជាតួរលេខមួយខ្ពស់បំផុត។ ការទទួលបាននូវភាពជោគជ័យសម្រាប់ទីផ្សារស្មាតហ្វូនអេក្រង់បត់បាននៅពេលនេះ ត្រូវបានគេនិយាយថា អាចមកពីការលក់ស្មាតហ្វូន Mate X5 រួមជាមួយនិងម៉ូដែលមួយទៀតគឺ Pocket 2។
នៅពេលនេះ ក្រុមហ៊ុន Huawei បានចាប់ផ្តើមបញ្ចេញនូវស្មាតហ្វូនអេក្រង់បត់បានថ្មីមួយទៀតហើយ នោះគឺ Huawei Nova Flip ដែលជាស្មាតហ្វូនជំនាន់ថ្មី ស្ថិតនៅក្នុងលំដាប់ស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួន។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេជឿជាក់ថា នឹងក្លាយជាចលករថ្មីមួយទៀតសម្រាប់ការលក់ស្មាតហ្វូនរបស់ Huawei នៅក្នុងត្រីមាសទី 3 ឆ្នាំ 2024 ខាងមុខនេះ។ សូមជំរាបថា ក្រៅពីម៉ូដែលប្រណិត Mate Series ស្មាតហ្វូនផ្សេងទៀតក៏អាចចំណែករុញអោយ Huawei ខ្ពស់ជាមុនដូចគ្នា។

នៅក្នុងរបាយការណ៌ថ្មីនេះ ក៏មានការបញ្ជាក់ទៀតថា ក្រុមហ៊ុន Vivo គឺបានឈរនៅលើលេខរៀងទី 2 ដែលមានចំណែកទីផ្សារ 31.9%។ ចំណែកទីផ្សារធំនេះ គឺបានមកការលក់ស្មាតហ្វូនអេក្រងបត់បានជំនាន់ថ្មី X Fold 3 series។ ចំពោះក្រុមហ៊ុន OPPO គឺឈរលេខ 3 មានចំណែកទីផ្សារ 11.1%។ Honor ឈរលេខ 4 មានចំណែកទីផ្សារ 10.4%។ បើមើលទៅលើក្រុមហ៊ុន Samsung វិញ គឺឈរនៅលើលេខរៀងទី 5 ដែលមានចំណែកត្រឹមតែ 5.7% ប៉ុណ្ណោះ។
