
vivo បានប្រកាសរួចមកហើយថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួន X Fold 3 series និងកាស TWS 4 buds ហើយនិង Vivo Pad 3 Pro នឹងធ្វើឡើងនៅថ្ងៃទី 26 ខែមីនាខាងមុខនេះហើយ។ យោងតាមការចេញផ្សាយនៅថ្ងៃនេះ បានបញ្ជាក់ពីលក្ខណៈសម្បត្តិ និងតម្លៃរបស់ស្មាតហ្វូនអេក្រង់បត់បាន vivo X Fold 3 Pro នេះហើយ។ ផ្អែកតាមការបង្ហាញនៅលើរូបភាពផ្សព្វផ្សាយដែលចែកចាយដោយ Whylabs គឺមានការបញ្ជាក់់ថា ស្មាតហ្វូនអេក្រង់បត់បាន vivo X Fold 3 Pro នឹងមានជម្រើសទំហំ 16GB+512GB និង 16GB+1TB។
និយាយពីតម្លៃវិញ ស្មាតហ្វូនដែលមានទំហំ 512GB នឹងមានតម្លៃ 13,999 យ៉ន់ ដែលប្រហែល $1,945 ដុល្លារ ខណៈដែលស្មាតហ្វូនមានទំហំ 1TB នឹងមានតម្លៃ 14,999 យ៉ន់ ដែលប្រហែល $2,085 ដុល្លារ។ តម្លៃខាងលើនេះ បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បានម៉ូដែល Vivo X Fold 3 Pro នេះ នឹងស្ថិតនៅលើទីផ្សារស្មាតហ្វូនបែបប្រណិត។ ទាក់ទងនឹងព័ត៌មានថ្មីនេះដែរ គេនៅមិនទាន់ដឹងថា ក្រុមហ៊ុននេះ នឹងប្រកាសចេញស្មាតហ្វូនអេក្រង់បត់បាននេះ នៅលើទីផ្សារសកលនៅឡើយទេ។
ស្មាតហ្វូនអេក្រង់បត់បាន vivo X Fold3 Pro ត្រូវបានគេនិយាយថា នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3។ ថ្មីៗនេះក៏មានការទម្លាយថា ស្មាតហ្វូននេះ នឹហមានទម្ងន់ស្រាលត្រឹមតែ 221grams។ ស្មាតហ្វូននេះ នឹងមានអេក្រង់ខាងក្នុងទំហំ 8.03-អ៊ីងនិងអេក្រង់ខាងក្រៅមានទំហំ 6.53 អ៊ីង ហើយអេក្រង់ទាំងពីរនេះ គឺមានការបំពាក់នូវបន្ទះអេក្រង់ Samsung E7 AMOLED ដូចគ្នា។ បន្ថែមពីនេះ ស្មាតហ្វូនអេក្រង់បត់បាននេះ ក៏មានការពង្រឹងទៅលើកាមេរ៉ាថតផងដែរ។

នៅលើស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺមានកាមេរ៉ាគោលទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 50MP ហើយនិងគ្រាប់ទីបីមានទំហំ 64MP។ សម្រាប់កាមេរ៉ាមុខគឺមានទំហំ 32MP។ ស្មាតហ្វូននេះ ត្រូវបានគេបញ្ជាក់ថា មានថ្មទំហំ 5700mAh និងមានកម្លាំងសាក 120W ហើយនិង 50W wireless charging។
