
យោងតាមសេចក្តីរាការណ៌ថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Honor បានប្រកាសចេញជាផ្លូវការណ៌នៅថ្ងៃសម្ពោធស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Honor Magic V5 នៅលើទីផ្សារសកលហើយ។ តាមដំណឹងខាងលើនេះ បញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បានលំដាប់ថ្នាក់ប្រណិតកម្រាស់ស្តើងជាងគេនៅលើពិភពលោកនោះ គឺនឹងមកដល់នៅចុងខែក្រោយ។គួរបញ្ជាក់ថាថ្មីៗនេះ ក្រុមហ៊ុននេះក៏បានទម្លាយពី Magic V Flip 2 ដែលជាស្មាតហ្វូនអេក្រង់បត់បានរបស់ខ្លួនផងដែរ។
ផ្អែកតាមរូបភាពផ្សព្វផ្សាយការទម្លាយថ្ងៃនេះ បានបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងមានការប្រកាសចេញនៅលើទីផ្សាសកលនាថ្ងៃទី 28 ខែសីហាខាងមុខនេះហើយ ដោយព្រឹត្តិការណ៌នេះ នឹងធ្វើឡើងនៅក្នុងចក្រភាពអង់គ្លេស។ ក្រុមហ៊ុន Honor ថែមទាំងមានការបញ្ជាក់ទៀតថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Magic V5 នឹងមានជម្រើស 3 ពណ៌ រួមមានដូចជា Dawn Gold, Black និង Ivory White។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺមានកម្រាស់ត្រឹមតែ 8.8mm ប៉ុណ្ណោះ នៅពេលដែលលាតអេក្រង់។

ទោះបីជាមានកម្រាស់ស្តើងក៏ដោយ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ មានថាមពលទំហំដល់ទៅ 5,820mAh គាំទ្រដោយកម្លាំងសាក 66W wired និង 50W wireless fast charging ហើយក៏នឹងមានការបំពាក់នូវបច្ចេកវិទ្យា IP58 + IP59 rating សម្រាប់ការពារទឹក និងធូលីផងដែរ។ សម្រាប់ប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូនអេក្រង់បត់បាននេះវិញ គឺមានការបំពាក់នូវកាមេរ៉ាគោលទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 50MP (Ultra Wide) ហើយនិងទីបីមានទំហំ 64MP (Periscope Telephoto) ។ ចំពោះកាមេរ៉ាមុខ គឺមានទំហំ 20MP ទាំងអេក្រង់ខាងក្រៅ និងអេក្រង់ខាងក្នុង។

Honor Magic V5 មានអេក្រង់ខាងក្នុងទំហំ 7.95 អ៊ីង និងអេក្រង់ខាងក្រៅមានទំហំ 6.43 អ៊ីង។ នៅលើស្មាតហ្វូនអេក្រង់បត់បានថ្មី Honor Magic V5 គឺមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite និងមាន AI tools ហើយនិងមាន dual stereo speakers ក៏ដូចជា face unlock រួមនិងសិនស័រស្កែនម្រាមដៃនៅលើអេក្រង់ទៀតផង។ សម្រាប់ការតភ្ជាប់វិញ គឺមានបច្ចេកវិទ្យា NFC និង Wi-Fi 7 ហើយនឹង Bluetooth 6.0។
