ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់ 3 តង់ Huawei Mate XT នឹងប្រើប្រាស់អេក្រង់របស់ក្រុមហ៊ុន BOE display

ដោយ

Koun Jab Luffy

04 កញ្ញា 2024 04:01 ល្ងាច

អាន 2 នាទី

Article image
យោងតាមការចែកចាយព័ត៌មានថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់ 3 តង់ Huawei Mate XT នឹងមានការបំពាក់មកជាមួយនូវអេក្រង់ដែលមានភាពធន់រឹងមាំ ហើយនិងមានសមត្ថភាពខ្ពស់បំផុត។ អេក្រង់របស់ស្មាតហ្វូននេះ ត្រូវបានគេទម្លាយថា នឹងមានការផ្គត់ផ្គង់ដោយក្រុមហ៊ុន BOE។ ដូច្នេះប្រសិនព័ត៌មានខាងលើនេះ គឺជាការពិតមែននោះ អ្នកប្រើប្រាស់អាចមានជំនឿថា ស្មាតហ្វូនអេក្រង់បត់ 3 តង់ Huawei Mate XT មានភាពធន់ បើទោះបីជាបត់ 3 តង់ក៏ដោយ។
បើមើលទៅលើការបង្ហោះនៅលើ Weibo ដោយអ្នកទម្លាយ @DigitalChatStation គឺបានបង្ហាញក្រុមហ៊ុនដែលនឹងក្លាយជាអ្នកផ្គត់ផ្គង់អេក្រង់សម្រាប់ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ Huawei Mate XT នេះហើយ។ ការបញ្ជាក់ខាងលើនេះ គឺតាមរយៈការដកស្រង់នូវ Commend របស់ហ្វេនៗ ដែលបានសួរទៅកាន់អ្នកទម្លាយខាងលើនេះទៅលើរឿងអេក្រង់នេះ ដោយក្នុងនោះអ្នកទម្លាយ @DigitalChatStation បានឆ្លើយថា អ្នកដែលទទួលបានសិទ្ធិផ្គត់ផ្គង់សម្រាប់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺជាក្រុមហ៊ុនផលិតអេក្រង់ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន។
Article image
ក្រុមហ៊ុនខាងលើនេះ គឺមានទំនាក់ទំនងល្អជាយូរមកហើយជាមួយ Huawei ហើយក៏មានរោងចក្រនៅចិនស្រាប់ទៀតផង ដូច្នេះមានការសន្និដ្ឋានថា ក្រុមហ៊ុននោះ គឺជាក្រុមហ៊ុន BOE។ សូមជំរាបថា ក្រុមហ៊ុន BOE គឺបានធ្វើផ្គត់ផ្គង់អេក្រង់បត់បានសម្រាប់ដៃគូរជាច្រើននៅក្នុងប្រទេសចិនដូច្នេះដំណឹងនេះគឺមិនអ្វីភ្ញាក់ផ្អើលនោះទេ។ សម្រាប់ Pura 70 និង Mate 60 series ក៏ប្រើប្រាស់អេក្រង់របស់ BOE ផងដែរ។
Article image
ប្រភពខាងលើនេះ បន្តថា ក្រុមហ៊ុន BOE display នៅពេលនេះ គឺមានគោលដៅធ្វើយ៉ាងណាអាចកាត់បន្ថយទៅលើការស៊ីថាមពលថ្ម និងចំណាំងផ្លាតលើអេក្រង់ ហើយនិងមាននាំមកនូវអេក្រង់ដែលមានគែមស្តើង បង្ហាញចេញបានច្បាស់ មានទម្ងន់ស្រាល ក៏ដូចជាមានកម្រ៉ាស់កាន់តែស្តើង។
Article image
ជាមួយនិងការបែកធ្លាយរូបភាពរបស់ Huawei Mate XT ក៏អាចមើលដឹងថា ស្មាតហ្វូនអេក្រង់បត់បាន 3 តង់នេះ មានកម្រ៉ាស់ស្តើង ទម្ងន់ស្រាល និងផ្តល់នូវភាពជឿជាក់បំផុតសម្រាប់អ្នកប្រើប្រាស់។ នៅពេលនេះ Huawei ក៏បានទម្លាយចេញនូវព័ត៌មានមួយចំនួនរបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូននេះ អាចនឹងមានវត្តមាននៅថ្ងៃទី 10 ខែកញ្ញាខាងមុខនេះហើយ។