
បន្ទាប់មានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីពីសំណាក់ក្រុមហ៊ុនធំៗជាច្រើនរួចមក នៅពេលនេះ ក្រុមហ៊ុន Nubia បានចេញមកបញ្ជាក់ពីការចូលរួមប្រកួតប្រជែងជាមួយនិងទីផ្សារនេះដែរហើយ។ ប្រភពខាងលើនេះបន្តថា ក្រុមហ៊ុន Nubia បានធ្វើការនៅលើស្មាតហ្វូនអេក្រង់បត់នេះ មិនមែនតែមួយម៉ូដែលទេ គឺមានច្រើន ដោយមានទាំងមានប្រភេទបត់ផ្តេក និងបត់បញ្ឈរ។ សម្រាប់ម៉ូដែល Nubia Flip 5G ត្រូវបានពាក្យចចាមអារ៉ាមនិយាយថា គឺជាប្រភេទ clamshell folding phone ហើយនិងមានការបញ្ជាក់ពីស្ថាប័ន 3C នៅក្នុងប្រទេសចិនហើយថែមទៀតផង។
យោងតាមការបង្ហាញនៅលើបញ្ជីនេះ គឺមានការបញ្ជាក់ថា Nubia Flip 5G គឺមានលេខកូដម៉ូដែល NX724J នឹងមានការគាំទ្រដោយកម្លាំងសាក 33W fast charging ប៉ុន្តែមិនទាន់ច្បាស់ថា មានបច្ចេកវិទ្យាសាក wireless charging នៅឡើយទេ។នៅលើបញ្ជីនេះបន្តថា ស្មាតហ្វូននេះនឹងមានឆ្នាំងសាកដែលមានលេខម៉ូដែល STC-A5111530AC ថែមទៀតផង។ បើតាមការបញ្ជាក់ខាងលើនេះ អោយដឹងទៀតថា ម៉ូដែលនេះ គឺធ្វើសម្រាប់ទីផ្សារចិនមុនប៉ុណ្ណោះ។ មកដល់ពេលនេះ សម្រាប់លក្ខណៈសម្បត្តិរបស់មូដែល Nubia Flip 5G នៅមិនទាន់បញ្ជាក់ច្បាស់នោះទេ។

គួរបញ្ជាក់ថា កាលពីពេលមុនេះ គឺធ្លាប់មានការទម្លាយថា The Nubia Flip 5G អាចនឹងមានការបង្ហាញវត្តមានជាមួយនិងស្មាតហ្វូន Nubia Z60 Fold ដែលជាស្មាតហ្វូនអេក្រង់បត់បានមានរូបរាងដូចជាថេប្លេតផងដែរ។ ស្មាតហ្វូននេះ ត្រូវបានគេជឿជាក់ថា នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 អេក្រង់ AMOLED displays ទាំងមុខ ទាំងក្រោយថែមទៀតផង។ ស្មាតហ្វូននេះនឹងមានថាមពលថ្ម 5000mAh និងកម្លាំងសាក fast 100W charging។ សូមជំរាបថា ស្មាតហ្វូនអេក្រង់បត់បានទាំងពីរនេះ គឺមានការឆ្លងកាត់ការចុះបញ្ជីនៅលើស្ថាប័ន IMEI database រួចរាល់ហើយ។ Nubia Z60 Fold មានលេខម៉ូដែល NX801J ខណៈដែល Nubia Flip 5G មានលេខម៉ូដែល NX724J។
