ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បីបត់ Samsung ទំនងជាបង្ហាញខ្លួនព្រមគ្នាជាមួយ Galaxy Z Fold 7 និង Z Flip 7

ដោយ

Koun Jab Luffy

25 កុម្ភៈ 2025 05:03 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុន Samsung បាននឹងកំពុងដំណើរការអភិវឌ្ឍន៍ផលិតស្មាតហ្វូនអេក្រង់បីបត់ដំបូងរបស់ខ្លួន ដើម្បីប្រជែងជាមួយនឹង Huawei Mate XT Ultimate។ សម្រាប់គំរូស្មាតហ្វូនអេក្រង់បីបត់ដំបូងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់កូរ៉េខាងត្បូងមួយនេះ ត្រូវបានបង្ហាញរូបរាងចេញជាច្រើនផងដែរនៅលើប្រព័ន្ធអ៊ីនធើណិត ហើយ Samsung Tri-Foldable របស់ Samsung ក៏ត្រូវបានគេស្គាល់ឈ្មោះថាជា Galaxy G។
មានព័ត៌មានចចាមអារ៉ាមបាននិយាយថា Samsung បាននឹងកំពុងរកវិធីសាស្ត្រក្នុងការដោះស្រាយទៅលើការរចនារបៀបបត់សម្រាប់ស្មាតហ្វូនអេក្រង់បត់បីតង់របស់ខ្លួន ឲ្យមានលក្ខណៈពិសេសជាង Huawei Mate XT Ultimate ពោល គឺ Samsung មិនចង់ប្រើស្ទាយបត់អេក្រង់ពីរផ្អោបចូលគ្នា និងអេក្រង់មួយទៀតបត់ចេញមកក្រៅនោះទេ ដោយ Samsung ចង់ធ្វើឲ្យអេក្រង់ទាំងបីបត់ គឺបត់ចូលក្នុងទាំងអស់ ហើយនិងបន្ថែមអេក្រង់ខាងក្រៅ (back cover display) មួយផ្សេងទៀត។
បើតាមប្រភពព័ត៌មានចេញពីប្រទេសកូរ៉េខាងត្បូងថ្ងៃនេះ បាននិយាយថា Samsung នឹងធ្វើការបង្ហាញចេញស្មាតហ្វូនអេក្រង់បីបត់ Tri-foldable Smartphone ដំបូងរបស់ខ្លួន ដំណាលគ្នានឹង ស្មាតហ្វូនអេក្រង់ជំនាន់ថ្មី Galaxy Z Fold 7 និង Galaxy Z Flip 7 ដែលនឹងធ្វើឡើងនៅចុងខែកក្តដា 2025 ដូចឆ្នាំទៅមិញដែរ។ ហើយមុនពេលការបង្ហាញខ្លួនផ្លូវការណ៍ ក្រុមហ៊ុន Samsung ត្រូវបានគេដឹងថា នឹងចាប់ផ្តើមបញ្ជាទិញគ្រឿងបន្លាស់សម្រាប់ស្មាតហ្វូនអេក្រង់បត់បីបត់ដំបូងរបស់ខ្លួននៅក្នុងខែមេសា ដែលជាពេលវេលានៃការចាប់ផ្តើមសង្វាក់ផលិតទ្រង់ទ្រាយធំត្រូវចាប់ផ្តើមផងដែរ។
Article image
Samsung Tri-fold អាចនឹងមានអេក្រង់ទំហំ 9.96-inch និងមានអេក្រង់ខាងក្រៅ (Cover-Screen) ទំហំ 6.49-inch។ Samsung ត្រូវបានគេរាយការណ៍ថា អាចនឹងផលិត Tri-fold phone របស់ខ្លួនត្រឹមចំនួន 200,000 គ្រឿងតែប៉ុណ្ណោះ ហើយនឹងចេញលក់ក្នុងចំនួនមានកំណត់ក្នុងបណ្តាទីផ្សារប្រទេសសំខាន់ៗមួយចំនួនប៉ុណ្ណោះ៕
ស្មាតហ្វូនអេក្រង់បីបត់ Samsung ទំនងជាបង្ហាញខ្លួនព្រមគ្នាជាមួយ Galaxy Z Fold 7 និង Z Flip 7