
នៅពេលដែលនិយាយអំពីក្រុមហ៊ុនផលិតស្មាតហ្វូនដែលមានអេក្រង់បត់បាននោះ ក្រុមហ៊ុន Samsung គឺជាក្រុមហ៊ុនដែលនាំមុខគេទៅលើក្រុមហ៊ុនជាច្រើននៅក្នុងពិភពលោក ទៅលើស្មាតហ្វូនដែលអាចបត់បាននេះ។ ថ្មីៗនេះ ក្រុមហ៊ុន Samsung ក៏មានការបង្ហាញនូវប៉ាតង់ថ្មីមួយទៀតរបស់ខ្លួនផងដែរ ដែលនៅលើប៉ាង់នេះ បានបញ្ជាក់ថា ក្រុមហ៊ុននេះ នឹងធ្វើការនៅលើស្មាតហ្វូនដែលមានអេក្រង់រមូរ។ ស្មាតហ្វូននេះ គឺជាប្រភេទ hybrid ថ្មីបំផុតរបស់ក្រុមហ៊ុន Samsung នេះ មានការបញ្ចូលគ្នានៃលក្ខណៈស្មាតហ្វូនបត់បាន និងស្មាតហ្វូនអេក្រង់រមូរថែមទៀតផង។
ស្មាតហ្វូនបត់បានទម្រង់សៀវភៅ (book-style) នេះ គឺស្ថិតនៅក្នុងចំណោមបច្ចេកវិទ្យាស្មាតហ្វូន ដែលមានភាពច្នៃប្រឌិតបំផុត ប៉ុន្តែនៅមិនទាន់មានប្រសិទ្ធិភាពខ្ពស់នៅឡើយទេ។ ស្មាតហ្វូនដែលអាចបត់បាននេះ មានអេក្រង់ចំនួន 2 គឺអេក្រង់ខាងក្នុង និងអេក្រង់ខាងក្រៅ ហើយអ្នកមិនអាចប្រើប្រាស់មួយទៀតបាននោះទេ ខណៈពេលដែលអេក្រង់មួយទៀតកំពុងតែប្រើប្រាស់នោះ។ វត្តមាននៃការប្រើប្រាស់នូវអេក្រង់ចំនួន 2 នៅលើស្មាតហ្វូនដែលអាចបត់បាននេះ ក៏បន្ថែមនូវកម្រាស់កាន់តែក្រាស់នៅលើស្មាតហ្វូននេះ។

តាមការបង្ហោះដែលចែករំលែកចេញពី Calibre និង @xleaks7 នៅលើ Twitter នោះ ក្រុមហ៊ុន Samsung ពេលនេះ ក៏ធ្វើការនៅលើស្មាតហ្វូនដែលមានអេក្រង់រមូរ។ នៅក្នុងស្មាតហ្វូនដែលមានអេក្រង់រមូររបស់ក្រុមហ៊ុន Samsung នេះ គឺមានអេក្រង់តែមួយប៉ុណ្ណោះ។ នៅពេលដែលអ្នកចង់ប្រើប្រាស់នូវអេក្រង់ធំជាងមុននោះ អ្នកអាចធ្វើការ slide ទៅលើអេក្រង់ OLED panel ដែលមាននៅក្នុងស្មាតហ្វូននេះ។

ស្មាតហ្វូនអេក្រង់រមូរខាងមុខរបស់ក្រុមហ៊ុន Samsung នេះ គឹមានទម្រង់ស្រដៀងគ្នាទៅនឹងថេប្លេត ដែលមានការទម្លាយនៅក្នុងរូបភាពទាំងនេះ។ ស្មាតហ្វូនអេក្រង់រមូរនេះ គឹមានលក្ខណៈដូចទៅនឹង iPad Mini ហើយថេប្លេតនេះ ក៏អាចដាក់នៅក្នុងហោប៉ាវរបស់អ្នកបានថែមទៀត។ ខណៈពេលដែលក្រុមហ៊ុន OEMs ជាច្រើនរបស់ចិន បានព្យាយាមក្នុងការកាត់បន្ថយទៅលើកម្រាស់របស់ស្មាតហ្វូនដែលអាចបត់បាននោះ ស្មាតហ្វូនGalaxy Z Fold series របស់ក្រុមហ៊ុន Samsung នៅមិនទាន់មានការឌីស្សាញល្អឥតខ្ចោះនៅឡើយទេ ដូចនេះ ក្រុមហ៊ុន Samsung ក៏ត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូនថ្មីនេះដែលមានការឌីស្សាញជាមួយនឹងអេក្រង់រមូរដ៏ល្អឥតខ្ចោះទៅលើទីផ្សារ៕
