
ថ្មីៗនេះ ក្រុមហ៊ុន Huawei ត្រូវបានគេមើលឃើញថា ទើបតែរៀបចំនូវព្រឹត្តិការណ៍ដ៏ធំមួយនៅក្នុងប្រទេសចិន ជាមួយនឹងការបង្ហាញស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ថ្មី Nova 14 Series ហើយនិងកុំព្យូទ័រអេក្រង់បត់បានដំបូងបំផុតរបស់ពិភពលោក។ នៅថ្ងៃនេះមានដំណឹងថ្មីថា ឆាប់ៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ ក៏បានត្រៀមបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី Pura 80 Series ផងដែរ។
យោងតាមការបែកធ្លាយជាច្រើននាពេលកន្លងមកបានអោយដឹងថា ស្មាតហ្វូនថ្មីនេះ នឹងមាន 3 ម៉ូដែល រួមានដូចជា Pura 80, Pura 80 Pro និង Pura 80 Ultra។ ស្មាតហ្វូនម៉ូដែល Pro នឹងប្រើប្រាស់នូវសិនស័រដែលអភិវឌ្ឍដោយក្រុមហ៊ុន Huawei តែម្តង។

យោងតាមរបាយការណ៍ថ្មីមួយចេញពីអ្នកទម្លាយ Digital Chat Station បានអះអាងថា ស្មាតហ្វូនជំនាន់ថ្មី Pura 80 Pro នឹងមានសិនស័រពិសេសមួយអភិវឌ្ឍដោយក្រុមហ៊ុន Huawei ផ្ទាល់តែម្តង។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការប្រើប្រាស់នូវសិនស័រ SmartSens SC5A0CS ទំហំ 50-Megapixel មានកម្រិត 1-inch RYYB sensor មានសមត្ថភាពខ្លាំងក្លាបំផុត។ សូមជំរាបថា កាលពីពេលមុននេះ អ្នកទម្លាយរូបនេះ ធ្លាប់បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Pura 80 Pro អាចនឹងប្រើប្រាស់នូវសិនស័រ Sony IMX989 ផងដែរ។

ប្រភពដដែលនេះបន្តថា ក្រុមហ៊ុន Huawei បានតេស្តទៅលើសិនស័រ Sony Sensor ទៅលើស្មាតហ្វូនជំនាន់ថ្មី Pura 80 Pro ជាង 2 ខែមកហើយ ដោយនឹងមានការផ្លាស់ប្តូរទៅលើសិនស័រនេះ ដើម្បីអោយកាន់តែកាមេរ៉ាកាន់តែខ្លាំងជាមួយនឹង Hardware ថ្មីទៀតផង។ ស្មាតហ្វូន Pura 80 Pro អាចនឹងមានអេក្រង់ទំហំ 6.78-អ៊ីង OLED display គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និងគាំទ្រដោយ LTPO variable refresh rate ទៀតផង។ ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 80 Series នេះនឹងបង្ហាញខ្លួននៅក្នុងពេលណាមួយនៅក្នុងត្រីមាសទី 2 ឆ្នាំនេះ៕
