
នៅសប្តាហ៍ក្រោយនេះ នឹងក្លាយជាព្រឹត្តិការណ៍ដែលគួរអោយចាប់អារម្មណ៍ខ្លាំងមែនទែនសម្រាប់អ្នកគាំទ្ររបស់ស្មាតហ្វូន Realme ។ ក្រុមហ៊ុននេះ បានប្រកាសថា ខ្លួននឹងបង្ហាញនូវស្មាតហ្វូន Realme 6 series រួមជាមួយនឹងនាឡិកា Realme Band របស់ខ្លួននៅថ្ងៃទី 5 ខែមីនាខាងមុខនេះ ខណៈពេលដែលមានការបែកធ្លាយជាច្រើនអំពីស្មាតហ្វូននេះផងដែរ។ ក្រុមហ៊ុន Realme បានធ្វើការបង្ហោះនូវមុខងារជាច្រើនរបស់ស្មាតហ្វូននេះ ដោយមុខងារមួយថ្មី គឺមានការបញ្ជាក់អំពីបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿនរបស់ស្មាតហ្វូននេះ។
ស្មាតហ្វូន Realme 6 និង Realme 6 Pro នេះ នឹងទ្រទ្រង់នូវបច្ចេកវិទ្យា 30W Flash Charge។ ក្រុមហ៊ុន Realme បាននិយាយថា ម្ចាស់របស់ស្មាតហ្វូននេះ អាចធ្វើការបញ្ចូលថាមពលថ្មរបស់ស្មាតហ្វូននេះបានពី ០ ទៅកាន់ 40% នៅក្នុងរយៈពេលតែ 15 នាទីប៉ុណ្ណោះ។ បច្ចេកវិទ្យា 30W Flash Charge គឺជាការ Upgrade ដ៏ធំមួយបើធៀបជាមួយនឹងស្មាតហ្វូន Realme 5 ដែលទ្រទ្រង់នូវបច្ចេកវិទ្យា 10W charging តែប៉ុណ្ណោះ។សម្រាប់ស្មាតហ្វូន Realme 5 Pro គឺទ្រទ្រង់ទៅលើបច្ចេកវិទ្យា VOOC 3.0 (20W)។ វាពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងមែនទែនដែលក្រុមហ៊ុន Realme គឺផ្តល់នូវ version ស្តង់ដារ និងម៉ូឌែល Pro ជាមួយនឹងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿនដូចគ្នានោះ។

ស្មាតហ្វូន Realme 6 និង Realme 6 Pro នឹងមានអេក្រង់ដែលមានរន្ធ Punch-Hole នៅគែមផ្នែកខាងឆ្វេង ប៉ុន្តែសម្រាប់ version standard របស់វាគឺមានកាមេរ៉ាខាងមុខតែមួយគ្រាប់ប៉ុណ្ណោះ ខណៈពេលដែលម៉ូឌែល Pro គឺមានកាមេរ៉ាភ្លោះខាងមុខ។ អេក្រង់ទាំងពីររបស់ស្មាតហ្វូននេះ គឺមានកម្រិត 90Hz refresh rate ។

ស្មាតហ្វូន Realme 6 នឹងប្រើប្រាស់នូវបន្ទះឈីប Helio G90 processor ខណៈពេលដែលស្មាតហ្វូន Realme 6 Pro នឹងមានបន្ទះឈីប Snapdragon 720G។ ស្មាតហ្វូនទាំងពីរនេះនឹងមានកាមេរ៉ាខាងក្រោយ 4 គ្រាប់ដែលមានកាមេរ៉ាគោលទំហំ 64MP ៕
