
ថ្មីៗនេះ ស្មាតហ្វូន vivo ថ្មីមួយ ដែលមានលេខកូដ V2324HA ត្រូវបានេគេឃើញថា បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ Radio Certification database ហើយនិង Geekbench នៅក្នុងប្រទេសចិនហើយ ដោយម៉ូដែលថ្មីនេះ ត្រូវបានគេសង្ស័យថា អាចជាស្មាតហ្វូនជំនាន់ថ្មី vivo X100S Pro។ ជាមួយនឹងការបង្ហាញវត្តមាននៅលើវិញ្ញាបនបត្រ Radio Certification និង Geekbench នៅពេលនេះ គឺនៅមិនទាន់មានឈ្មោះផ្លូវការនៅឡើយទេ ហើយក៏មិនទាន់បានទម្លាយអំពីព័ត៌មានជាក់លាក់អំពីស្មាតហ្វូននេះផងដែរ។ អ្វីៗនៅតែជាអាថកំបាំងនៅឡើយ។
ទាក់ទងនឹងការធ្វើតេស្តនៅបញ្ជី Geekbench គឺមានការបង្ហាញអំពីបន្ទះឈីបរបស់ស្មាតហ្វូននេះហើយ។ បន្ទះឈីបថ្មីនេះមានសីភីយូ Cortex-X4 core 1x ល្បឿន 3.4GHz និង Cortex-X4 cores ចំនួន 3 គ្រាប់រត់បានល្បឿន 2.85GHz ហើយនិង Cortex-A720 cores ចំនួន 4 គ្រាប់ទៀតរត់បានល្បឿន 2.0GHz។ នៅលើបន្ទះឈីបនេះ ក៏មានការគាំទ្រដោយ GPU ម៉ូដែល Immortalis-G720 MC12 ដែលមានល្បឿន 1300MHz ថែមទៀតផង។ ផ្អែកលើស្ថាបត្យកម្មនៃបន្ទះឈីបនេះ មានការសន្និដ្ឋានថា នេះគឺជាបន្ទះឈីប Dimensity 9300។
យោងតាមការបញ្ជាក់ចេញពីអ្នកទម្លាយ WhyLab នៅលើ Weibo នោះ បន្ទះឈីបនេះ អាចនឹងក្លាយជា Dimensity 9300+ ដែលនឹងបង្ហាញខ្លួននៅក្នុងខែមេសាខាងមុខ។ ផ្អែកទៅលើការព្យាករណ៍នៃការបញ្ចេញនូវបន្ទះឈីបនេះ អ្នកទម្លាយរូបនេះបន្តបញ្ជាក់ថា ស្មាតហ្វូន vivo X100S Pro នេះ អាចនឹងបង្ហាញខ្លួននៅចុងខែមេសា ឬដើមខែឧសភានេះ។

សូមជំរាបថា មុននេះ មានរបាយការណ៍ជាច្រើន ក៏បាននិយាយអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូននេះ នឹងមានថាមពលថ្មទំហំ 5,000mAh ហើយនិងមានការគាំទ្រដោយបច្ចេកវិទ្យាសាកកម្លាំង 100W wired fast charging ។ បន្ថែមពីនេះ ក៏មានការរំពឹងថា ស្មាតហ្វូននេះអាចនឹងមានប្រព័ន្ធស្កេនក្រយ៉ៅដៃ short-focus optical in-display fingerprint scanner ហើយក៏មានការឌីស្សាញគែមជុំវិញពីលោហធាតុ និងកញ្ចក់នៅខាងក្រោយផងដែរ។ ក្រៅពីព័ត៌មានទាំងនេះ យើងនៅមិនទាន់មានព័ត៌មានអំពីស្មាតហ្វូននេះនៅឡើយទេ៕
