
ស្ត្រីជនជាតិអូស្ត្រាលីម្នាក់ដែលមានឈ្មោះថា Matilda Campbell ត្រូវបានជួយសង្រ្គោះដោយជោគជ័យបន្ទាប់ពីនាងបានជាប់នៅចន្លោះប្រហោងថ្មដ៏តូចចង្អៀត បន្ទាប់ពីនាងបានធ្លាក់ចុះគៀបជាប់ ដោយសារតែនាងបានព្យាយាមទាញយក iPhone របស់នាងដែលបានទម្លាក់ នៅចន្លោះប្រហោងថ្មនោះ នេះបើយោងតាមរបាយការណ៍ពីបណ្តាញសារព័ត៌មាន ABC Newcastle ។
ក្មេងស្រីអាយុ 23 ឆ្នាំជនជាតិអូស្រ្តាលីរូបនេះ បានទៅទស្សនាកម្សាន្ត និងថតរូបនៅជ្រលងភ្នំ New South Wales Hunter ខណៈនោះទូរស័ព្ទ iPhone របស់នាងបានរបូតធ្លាក់ចូលទៅចន្លោះប្រហោងថ្ម។ ហើយនាងព្យាយាមយកវាមកវិញ ប៉ុន្តែជាអកុសលនាងបានរអិលដួលធ្លាក់ចុះចូលទៅជាប់ក្នុងចន្លោះប្រហោងថ្មដែលមានកំពស់ដល់ទៅបីម៉ែត្រ ហើយក៏ជាប់គាំងនៅចន្លោះផ្ទាំងថ្មធំទាំងពីរ ដោយព្យួរជើង និងដាំក្បាលចុះ។ ខណៈដែលរបាយការណ៍ព័ត៌មានមិនបានលើកឡើងជាក់លាក់អំពីម៉ូដែលទូរស័ព្ទ iPhone របស់ Campbell នោះទេ ប៉ុន្តែ គណនីបណ្ដាញសង្គមរបស់ Campbell បង្ហាញថានាងជាអ្នកប្រើ iPhone។
ភ្នាក់ងារជួយសង្គ្រោះត្រូវចំណាយពេលដល់ទៅ 1 ម៉ោង ដើម្បីទៅដល់ទីតាំងដែល Campbell បានជាប់គាំងក្នុងចន្លោះថ្ម ហើយត្រូវចំណាយពេលជាច្រើនម៉ោងទៀតដើម្បីជួយសង្រ្គោះនាងចេញពីចន្លោះថ្ម។ ក្រុមភ្នាក់ងារជួយសង្គ្រោះត្រូវដកផ្ទាំងថ្មចំនួន 7 ដុំដែលមានទម្ងន់ពី 80 ទៅ 500 គីឡូក្រាម ដើម្បីជួយសង្គ្រោះ Campbell ដោយរួមទាំងមានការធ្វើទ្រនើរស៊ុមឈើដើម្បីការពារក្នុងករណីដែលផ្ទាំងថ្មណាមួយបានប្រេះ និងដួលរលំ។ Campbell ត្រូវបានជាប់ក្នុងចន្លោះប្រហោងថ្មរយៈពេលប្រហែលប្រាំពីរម៉ោង ហើយនាងត្រូវបានក្រុមភ្នាក់ងារជួយសង្រ្គោះបញ្ជាក់ថា មានស្នាមរបួស ស្នាមជាំ និងឆ្អឹងខ្នងរបស់នាងត្រូវបានប្រេះផងដែរ។

លោកវេជ្ជបណ្ឌិត Peter Watts ដែលមកតាមរថយន្តសង្គ្រោះ NSW Ambulance បានប្រាប់ ABC Newcastle ថា Campbell បានរក្សាភាពស្ងៀមស្ងាត់ទោះបីជាស្ថានភាពនាងជូបការលំបាកក៏ដោយ។ គាត់បាននិយាយថា វាគឺជារឿងពិបាកមួយក្នុងការជួយសង្រ្គោះ ដែលវាប្រៀបបាននឹង “ការយករបស់ធំមួយចេញពីប្រអប់ដ៏តូចចង្អៀត” ហើយក៏ជាហេតុការណ៍ដែលលោកមិនធ្លាប់បានជួបប្រទះពីមុនមក។ ក្រុមការងារ NSW Ambulance បានចែករំលែករូបភាពនៃការជួយសង្គ្រោះនៅលើ Facebook។ ចុងក្រោយនាង Campbell មិនអាចទៅយក iPhone របស់នាងមកវិញបាននោះទេ៕
