
ក្រុមហ៊ុន OPPO ត្រៀមខ្លួននៅក្នុងការបង្ហាញនូវស្មាតហ្វូនបត់បានជំនាន់ថ្មីរបស់ខ្លួន Find N5 នៅថ្ងៃទី 20 ខែកុម្ភៈខាងមុខនេះ។ ម៉ូដែលថ្មីនេះ គឺជាជំនាន់ថ្មីរបស់ស្មាតហ្វូន Find N3 ដែលបង្ហាញខ្លួននៅក្នុងឆ្នាំ 2023។ អ្វីដែលគួរអោយកត់សម្គាល់នោះ ក្រុមហ៊ុននេះបានរំលងការបញ្ចេញស្មាតហ្វូនបត់បានរបស់ខ្លួននៅក្នុងឆ្នាំ 2024 ផងដែរ។ ជំនួសមកវិញ ក្រុមហ៊ុន OPPO បានយកពេលវេលានេះ នៅក្នុងការឌីស្សាញថ្មីទៅលើស្មាតហ្វូនបត់បានថ្មីរបស់ខ្លួន។ ស្មាតហ្វូន Find N5 អាចនឹងក្លាយជាស្មាតហ្វូនបត់បានដ៏ល្អបំផុតរបស់ក្រុមហ៊ុន OPPO ហើយវាក៏មានលក្ខណៈសម្បត្តិជាច្រើនដ៏អស្ចារ្យដែលអ្នកប្រើប្រាស់នឹកស្មានមិនដល់។
លក្ខណៈពិសេសទី 1 របស់ស្មាតហ្វូន Find N5 នេះ គឺទៅលើកម្រាស់ដ៏ស្តើងរបស់វា។ ក្រុមហ៊ុន OPPO បានប្រើប្រាស់នូវកម្រាស់ស្មាតហ្វូននេះ ត្រឹមតែ 4.2mm ដែលធ្វើអោយស្មាតហ្វូននេះ ក្លាយជាស្មាតហ្វូនបត់បានស្តើងបំផុតរបស់ពិភពលោក។ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានការប្រើប្រាស់នូវត្រចៀកបត់ 3D-printed titanium alloy hinge ដែលពិតជារឹងមាំខ្លាំងក្នុងការប្រើប្រាស់ ហើយវាក៏មានបំពាក់នូវ IPX6, IPX8 និង IPX9 សម្រាប់ការពារការជ្រាបទឹកបានយ៉ាងល្អថែមទៀតផង។

អេក្រង់:
បន្ថែមពីនេះ ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Find N5 នេះ គឺមានអេក្រង់ 8.12-អ៊ីង LTPO OLED Foldable ជាមួយនឹងការទ្រទ្រង់នូវ 1 ប៊ីលានពណ៌, Dolby Vision និងល្បឿន 120Hz refresh rate។ អេក្រ់ងបត់បានរបស់ស្មាតហ្វូននេះក៏ធន់ទៅនឹងការបត់បានយ៉ាងល្អ ហើយវាមិនមានស្នាមបត់នៅលើអេក្រង់របស់វានោះ។

បន្ទះឈីប:
លក្ខណៈពិសេសមួយទៀតនោះ ស្មាតហ្វូនអេក្រង់បត់បាន Find N5 នេះ នឹងមានបន្ទះឈីប Qualcomm Snapdragon 8 Elite ដែលធ្វើអោយស្មាតហ្វូននេះកាន់តែខ្លាំងក្លាក្នុងការប្រើប្រាស់។ ស្មាតហ្វូននេះ មានរ៉េមទំហំ 16GB និងម៉េមូរីទំហំ 1TB UFS 4.0 storage ថែមទៀតផង។ តាមការបញ្ជាក់ចេញពី Mishaal Rahman បានបញ្ជាក់ថា បន្ទះឈីបននេះ នឹងជួយអោយស្មាតហ្វូននេះកាន់តែមានភាពខ្លាំងក្នុងការប្រើប្រាស់ទៅលើសមត្ថភាពរបស់វា។
ថាមពលថ្ម:
ស្មាតហ្វូន Find N5 នេះ ក៏មានថាមពលថ្មធំដល់ទៅ 5,600mAh ដែលទំហំនេះ គឺធំជាងស្មាតហ្វូន Galaxy S25 Ultra ឬ iPhone 16 Pro Max។ បន្ថែមពីនេះ វាក៏ទ្រទ្រង់ទៅលើបច្ចេកវិទ្យា 80W wired និង 50W wireless charging ផងដែរ។ ក្រុមហ៊ុន OPPO អាចនឹងបន្ថែមនូវបច្ចេកវិទ្យា wireless charging សម្រាប់ប្រើប្រាស់នៅក្នុងរថយន្ត EV ដូចជា BYD និង NIO នៅក្នុងប្រទេសចិនថែមទៀតផង។

កាមេរ៉ា:
បើនិយាយអំពីកាមេរ៉ាវិញនោះ ស្មាតហ្វូនបត់បាននេះ នឹងមានកាមេរ៉ាគោលទំហំ 50MP ជាមួយនឹង optical image stabilization (OIS) និង phase detection autofocus (PDAF), 50MP periscope telephoto lens ជាមួយនឹង 3x optical zoom និង 8MP ultrawide sensor ។ ស្មាតហ្វូននេះនឹងមានកាមេរ៉ាខាងមុខ 2 គ្រាប់ទំហំ 8MP ដែលមួយនៅលើ Cover Display និងមួយទៀតក្រោមអេក្រង់។ ស្មាតហ្វូន Find N5 នេះនឹងប្រើប្រាស់នូវ Android 15 ជាមួយនឹង ColorOS 15 របស់ក្រុមហ៊ុន OPPO ផងដែរ។

ការបង្ហាញវត្តមាន:
សរុបមក ស្មាតហ្វូន OPPO Find N5 នេះគឺជាស្មាតហ្វូនបត់បានដ៏ខ្លាំងក្លាដែលមានលក្ខណៈពិសេសដូចជាកម្រាស់ស្តើងបំផុត ស្នាមផ្នត់បត់នៅលើអេក្រង់ដែលស្ទើរតែមិនឃើញ កម្លាំងម៉ាស៊ីនខ្លាំងក្លា កាមេរ៉ាដ៏អស្ចារ្យ និងមុខងារនៃកម្មវិធី software កាន់តែសម្បូរបែបក្នុងការប្រើប្រាស់ថែមទៀត។ ស្មាតហ្វូនអេក្រង់បត់បាន នឹងមានការប្រកាសនៅលើទីផ្សារប្រទេសចិន និងទីផ្សារសកល នៅថ្ងៃទី 20 ខែកុម្ភៈ 2025៕
